ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) របស់សហរដ្ឋអាមេរិក ជាទីដែលធ្លាប់តែមានអាកាសធាតុពោរពេញដោយអ័ព្ទ កម្រមើលឃើញសីតុណ្ហភាពលើសពី ៣២អង្សារសេណាស់ ហើយសូម្បីតែទីក្រុងឆ្នេរសមុទ្ររដ្ឋកាលីហ្វ័រនីញ៉ា (California) ដែលកម្រឃើញសីតុណ្ហភាពបែបនេះក្នុងខែតុលា ក៏បានជួបប្រទះសីតុណ្ហភាពយ៉ាងក្ដៅគគុករហូតដល់ ៣៤,៤អង្សារសេ។
កម្ដៅដ៏គ្រោះថ្នាក់នេះបានជំរុញឱ្យក្រុមមន្ត្រីចេញការព្រមានអំពីកម្ដៅខ្លាំងរហូតដល់ថ្ងៃទី០៣ ខែតុលា នេះ និងជំរុញអ្នកស្រុកឱ្យទៅកាន់មជ្ឈមណ្ឌលត្រជាក់ ឬអាងទឹកសាធារណៈជាដើម។ នៅតំបន់មួយចំនួន សីតុណ្ហភាពកំពុងកើនឡើងលើសពី ៣៧,៨អង្សាសេ។
លោក ឌីលែន ហ្វ្លីន (Dylan Flynn) អ្នកជំនាញឧតុនិយមនៅសេវាអាកាសធាតុជាតិក្នុងរដ្ឋកាលីហ្វ័រនីញ៉ា បាននិយាយថា នេះគឺជាបាតុភូតដែលគេស្គាល់ក្នុងស្រុកថាជា “រដូវក្តៅទីពីរ” ហើយជាទូទៅនៅដើមរដូវស្លឹកឈើជ្រុះ គឺជាពេលដែលទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ ឃើញសីតុណ្ហភាពខ្ពស់បំផុតរបស់ខ្លួន។
លោក Flynn ដែលបានពិពណ៌នារលកកម្ដៅនេះថាជាប្រភេទនៃព្រឹត្តិការណ៍ “រយៈពេលវែង” ដែលអាចបង្កើនហានិភ័យនៃជំងឺ ឬការស្លាប់ដែលទាក់ទងនឹងកម្ដៅ បានបន្ថែមថា កម្ដៅដ៏អាក្រក់បំផុតត្រូវបានគេរំពឹងថានឹងមានរយៈពេលរហូតដល់ថ្ងៃទី០៣ ខែតុលា នេះ ប៉ុន្តែសីតុណ្ហភាពខ្ពស់ត្រូវបានគេរំពឹងទុករហូតដល់ចុងសប្តាហ៍៕


