បាត់ដំបង ៖ បើទោះបីទឹកស្ទឹងសង្កែ មិនទាន់ឡើងដល់កម្រិតប្រកាស អាសន្ន ប៉ុន្តែអាជ្ញាធរខេត្ត បានអំពាវនាវឱ្យ ប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹង មានការប្រុងប្រយ័ត្នជានិច្ច ព្រោះទឹកនៅប៉ែកខាងលើកំពុងហក់ឡើង ហើយអាជ្ញាធរខេត្ត ក៏បានត្រៀមរួចរាល់ដែរនូវទីទួលសុវត្ថិភាពជាង២០០កន្លែង និងសម្ភារទប់ទឹក។
លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានប្រាប់BTV នៅព្រឹក ថ្ងៃទី២៣ ខែកញ្ញា នេះថា គិតត្រឹមនៅជិតថ្ងៃត្រង់នេះ ទឹកស្ទឹងសង្កែ ឡើងមិនទាន់ដល់១០ម៉ែត្រនោះទេ ប៉ុន្តែវាអាចនឹងឡើងលើស១០ម៉ែត្រ ហើយកម្រិតទឹក ដែលទម្លាក់ពីទំនប់កង្ហត់ ក៏មិនអាចឈានដល់ ចំណុចប្រកាសអាសន្ននោះដែរ។
លោក បានបន្តថា ចំពោះកម្រិតទឹក ដែលត្រូវទម្លាក់មកចំនួន៤ទ្វារ ដែលចំនួននេះគឺធម្មតា ហើយ ចំពោះកម្រិតទឹក ដែលឈានដល់ចំណុចប្រកាសអាសន្ន គឺ១៤ម៉ែត្រ៨០ ឬ១៥ម៉ែត្រ ហើយរហូតមកដល់ ពេលនេះ ទឹកជំនន់នៅមិនទាន់បង្កផលប៉ះពាល់លិចលង់ផ្ទះ ឬដំណាំរបស់ប្រជាពលរដ្ឋនៅឡើយទេ។
ទឹកភ្លៀងធ្លាក់ច្រើន ប៉ុន្មានថ្ងៃមកនេះនេះ នៅប្រភពទឹកខាងលើ មានដូចជាស្ទឹងបឡាង ឬហៅ ស្ទឹងសំឡូតចាស់ ស្ទឹងគ្រញូង និងស្ទឹងប៉ៃលិន មានទឹកច្រើន និងបានហូរចូលទៅទំនប់ពហុបំណងសេក សក ហើយធ្វើឲ្យកម្ពស់ទឹកមានកើនឡើងខ្ពស់ ដោយខ្លាចមានផលប៉ះពាល់នៅប៉ែកខាងលើខ្លាំង ជំនាញ បានបើកទ្វារទឹកនៅទំបន់សេកសក ទម្លាក់មកទំនប់កង្ហត់ និងបើកទ្វារទឹកបន្តតាមប្រឡាយមេនានា រួមទាំងស្ទឹងសង្កែ។
ឆ្នាំនេះ ស្ទឹងសង្កែ ទើបហក់ឡើងខ្លាំងលើកទី១ ខណៈរាល់ឆ្នាំគិតត្រឹមរយៈពេលដូចគ្នា គឺមានទឹក ជំនន់ហក់ឡើងច្រើនដងនៅក្នុងស្ទឹង ដោយទឹកជំនន់នោះតែងបង្កការប៉ះពាល់ដល់ផ្ទះ និងដំណាំរបស់ ប្រជាពលរដ្ឋ ស្ថិតនៅជាប់នឹងដងស្ទឹងដ៏ធំមួយនេះផងដែរ ពិសេសនៅស្រុកឯកភ្នំ ព្រោះនៅជិតបឹងទន្លេ សាប៕
អត្ថបទ៖ បាន សុខរិទ្ធ
