អ្នកនាំពាក្យរបស់ទីភ្នាក់ងារអន្តោប្រវេសន៍នៃអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (០១ តុលា) ថា ជនអន្តោប្រវេសន៍ចំនួន ៤៥នាក់ បានស្លាប់បន្ទាប់ពីទូកចំនួនពីរគ្រឿងបានលិចនៅឆ្នេរសមុទ្រនៃប្រទេសអាហ្រ្វិកខាងកើត ជីប៊ូទី ជាមួយនឹងមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួន។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM បាននិយាយនៅលើបណ្ដាញសង្គម X ថា ទូកទាំងនោះបានចាកចេញពីប្រទេសយេម៉ែន ជាមួយនឹងមនុស្សចំនួន ៣១០នាក់ ហើយមកទល់ពេលនេះ អ្នកនៅរស់រានមានជីវិតរាប់សិបនាក់ប៉ុណ្ណោះត្រូវបានជួយសង្គ្រោះ ដោយបន្ថែមថាខ្លួនកំពុងជួយដល់សេវាសង្គ្រោះបន្ទាន់របស់រដ្ឋក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។
ឆ្មាំល្បាតឆ្នេរជីប៊ូទី និយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរួមគ្នាមួយបានដំណើរការចាប់តាំងពីព្រឹកថ្ងៃចន្ទមក ដោយអ្នកនៅរស់រានមានជីវិតចំនួន ១១៥នាក់ឥឡូវនេះត្រូវបានជួយសង្គ្រោះ និងរាប់សិបនាក់នៅតែបាត់ខ្លួន។ ឆ្មាំល្បាតឆ្នេរនិយាយថា ទូកបានលិចនៅចម្ងាយត្រឹមតែ ១៥០ម៉ែត្រប៉ុណ្ណោះពីឆ្នេរមួយនៅជិតតំបន់ ខ អែនហ្កា (Khor Angar) ភាគពាយ័ព្យជីប៊ូទី។
មនុស្សរាប់ម៉ឺននាក់ ដែលកំពុងស្វះស្វែងរកអនាគតដ៏ល្អប្រសើរ បានចាកចេញពីទ្វីបអាហ្រ្វិក និងឆ្លងកាត់សមុទ្រក្រហមជារៀងរាល់ឆ្នាំ ដើម្បីទៅដល់អារ៉ាប៊ីសាអ៊ូឌីត និងរដ្ឋឈូងសមុទ្រផ្សេងទៀត នៅក្នុងអ្វីដែលអង្គការមនុស្សធម៌ពិពណ៌នាថាជា “ផ្លូវមួយក្នុងចំណោមផ្លូវទឹកដែលមមាញឹកបំផុត និងគ្រោះថ្នាក់បំផុតក្នុងពិភពលោក”៕


