រដ្ឋាភិបាលកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៣ តុលា) នេះថា ជនជាតិចិនពីរនាក់ត្រូវបាននិរទេស បន្ទាប់ពីពួកគេបំពានការតវ៉ាដែលធ្វើឡើងដោយជននិរទេសហុងកុង នៅទីក្រុងតៃប៉ិ ក្នុងថ្ងៃបុណ្យជាតិរបស់ប្រទេសចិន។
កោះស្វ័យគ្រប់គ្រង តៃវ៉ាន់ ដែលទីក្រុងប៉េកាំង អះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន គឺជាជម្រករបស់សហគមន៍ហុងកុងដ៏ធំមួយ ដែលបានចាកចេញពីទីក្រុងនេះ បន្ទាប់ពីការដាក់ច្បាប់សន្តិសុខជាតិដ៏តឹងតែងថ្មី បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលយ៉ាងទូលំទូលាយ។
ក្រុមជននិរទេសហុងកុង (HKO) បាននិយាយថា នៅថ្ងៃទី០១ ខែតុលា ដែលជាថ្ងៃបុណ្យជាតិរបស់ប្រទេសចិន ពួកគេបានរៀបចំការតវ៉ាតូចមួយនៅកណ្តាលទីក្រុងតៃប៉ិ នៅផ្សារទំនើប ស៊ីមិន (Ximen) នៅពេលដែលពួកគេត្រូវបានបំពានដោយពាក្យសំដី និងរុញច្រានដោយជនជាតិចិនមួយក្រុម ហើយបន្ទាប់មកនគរបាលក៏បានធ្វើអន្តរាគមន៍។
ក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់បាននិយាយថា ជនជាតិចិនទាំងពីរនាក់ដែលជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុនោះ កំពុងស្ថិតក្នុងការធ្វើដំណើរសួរសុខទុក្ខសាច់ញាតិនៅកោះតៃវ៉ាន់ ហើយត្រូវបានដកហូតសិទ្ធិចូល និងត្រូវបាននិរទេស។ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕


