បណ្ដាប្រជាជាតិអាស៊ីប៉ាស៊ីហ្វិក កំពុងប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ និងអ្នកស្រុកផ្សេងទៀតរបស់ពួកគេ ស្របពេលមានភាពតានតឹងកើនឡើងយ៉ាងឆាប់រហ័សនៅមជ្ឈិមបូព៌ា។ ក្រុមមន្ត្រីមកពីប្រទេសមួយចំនួនដូចជា ចិន ហ្វីលីពីន ឥណ្ឌូនេស៊ី និងអូស្ត្រាលី បាននិយាយកាលពីថ្ងៃពុធ (០២ តុលា) ថា ពួកគេកំពុងធ្វើការដើម្បីធានាបាននូវជើងហោះហើរជម្លៀសដើម្បីនាំប្រជាជនត្រឡប់ទៅប្រទេសកំណើតវិញ ខណៈអាកាសយានដ្ឋានបេរូត នៅបន្តបើក។
ទន្ទឹមនឹងនេះ កូរ៉េខាងត្បូង បានបញ្ជូនយន្តហោះយោធាដើម្បីពន្លឿនការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្លួន។ ផែនការជម្លៀសនានាកំពុងដំណើរការ ខណៈការប៉ះទង្គិចកាន់តែខ្លាំងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ព្រមទាំងកងជីវពល ហេសបូឡា និងក្រុមហាម៉ាស ដែលគាំទ្រដោយទីក្រុងតេអេរ៉ង់។ នៅថ្ងៃព្រហស្បតិ៍ (០៣ តុលា) នេះ មនុស្សយ៉ាងតិច ៦នាក់បានស្លាប់ បន្ទាប់ពីអ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅកណ្តាលទីក្រុងបេរូត។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានរាយការណ៍កាលពីថ្ងៃពុធថា ពលរដ្ឋចិនជាង ២០០នាក់ ត្រូវបានជម្លៀសដោយសុវត្ថិភាពពីលីបង់។ រដ្ឋាភិបាលហ្វីលីពីន កំពុងរៀបចំជើងហោះហើរសម្រាប់មនុស្សជាង ១.២០០នាក់ ក្នុងចំណោមជនជាតិហ្វីលីពីន ១១.០០០នាក់ ដែលស្វះស្វែងរកការធ្វើមាតុភូមិនិវត្តន៍ពីលីបង់។ បណ្ដាប្រទេសផ្សេងទៀតក៏បានចាប់ផ្តើមជម្លៀសពលរដ្ឋចេញពីប្រទេសដែលរួមរឹតដោយជម្លោះនេះផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ជុំវិញពិភពលោកបានព្យាយាមបង្វែរ ឬលុបចោលជើងហោះហើរបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ។ ជើងហោះហើរទៅកាន់អ៊ីស្រាអែល និងលីបង់ ត្រូវបានលុបចោល ដោយក្រុមហ៊ុនអាកាសចរណ៍មួយចំនួននិយាយថា ពួកគេនឹងមិនបន្តប្រតិបត្តិការទេរហូតដល់ពាក់កណ្តាលខែតុលា៕


