ប្រទេសចិន បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយស្ថានការណ៍ដ៏តឹងតែងនៅមជ្ឈិមបូព៌ា ខណៈអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីៗនៅក្នុងប្រទេសលីបង់។
តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ លោក ហ្វ៊ូ ខុង (Fu Cong) បាននិយាយនៅក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃពុធ (០២ តុលា) ថា ក្រុមប្រឹក្សាចាំបាច់ត្រូវធ្វើការទាមទារច្បាស់លាស់ និងជាក់លាក់ដើម្បីបញ្ឈប់វដ្តនៃអំពើហិង្សាលើជម្លោះអ៊ីស្រាអែល-លីបង់។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានរាយការណ៍ដកស្រង់សម្ដីរបស់ប្រេសិតចិនរូបនេះថា “ក្រុមប្រឹក្សាសន្តិសុខមានទំនួលខុសត្រូវចម្បងសម្រាប់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” ដោយសង្កត់ធ្ងន់ថាភាគីពាក់ព័ន្ធទាំងអស់ “ត្រូវតែត្រលប់ទៅរកដំណោះស្រាយនយោបាយ និងការទូតវិញ”។
ការវាយប្រហារមីស៊ីលចុងក្រោយបង្អស់របស់អ៊ីស្រាអែល នៅកណ្តាលទីក្រុងបេរូត កើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាង ១៨០គ្រាប់ចូលទៅក្នុងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ។ អ៊ីស្រាអែល ក៏បានបញ្ជូនកងទាហានថ្មើរជើង និងកងរថពាសដែកចូលទៅក្នុងលីបង់ ជាមួយនឹងរបាយការណ៍នៃការប្រយុទ្ធដ៏ខ្លាំងក្លាជាមួយក្រុមប្រដាប់អាវុធ ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។
អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធថា ការបាញ់មីស៊ីលរបស់ខ្លួន ដែលជាការវាយលុកដ៏ធំបំផុតមិនធ្លាប់មានលើអ៊ីស្រាអែល បានបញ្ចប់ហើយ ដោយរារាំងការបង្កហេតុបន្ថែមទៀត ប៉ុន្តែអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានសន្យាថានឹងវាយបកវិញយ៉ាងចាស់ដៃ៕


