ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៣ តុលា) ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៨នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើជំរំជនភៀសខ្លួន ទូលខាម (Tulkarm) នៅតំបន់កាន់កាប់ វេសបែង (West Bank) ដោយយោធាអ៊ីស្រាអែល និយាយថា ខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់។

យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអាកាសរបស់ខ្លួនបានសម្លាប់ប្រធានបណ្តាញរបស់ក្រុមហាម៉ាស នៅទីក្រុង Tulkarm ក្នុងការវាយប្រហារមួយ ដោយបានកំណត់អត្តសញ្ញាណមេបញ្ជាការក្រុមហាម៉ាសនោះថាឈ្មោះ ហ្សាហ៊ី យ៉ាសើ អាល់រ៉ាហ្សីក អ៊ូហ្វី (Zahi Yaser Abd al-Razeq Oufi)។

រដ្ឋាភិបាលប៉ាឡេស្ទីន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួន “អំពាវនាវឱ្យមានវិធានការអន្តរជាតិជាបន្ទាន់ដើម្បីបញ្ឈប់ការសម្លាប់រង្គាលដែលកំពុងកើនឡើង” ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។
ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បាននិយាយថា អ្នកនាំពាក្យផ្លូវការរបស់ប្រធានអាជ្ញាធរប៉ាឡេស្ទីន ក៏បានថ្កោលទោសការវាយប្រហារនេះផងដែរ ដោយបន្ថែមថា ការវាយប្រហារទាំងនោះ “នឹងមិននាំមកនូវសន្តិសុខ និងស្ថិរភាពដល់នរណាម្នាក់ឡើយ ប៉ុន្តែនឹងអូសទាញតំបន់នេះឱ្យធ្លាក់ក្នុងអំពើហិង្សាកាន់តែខ្លាំង”។

អំពើហិង្សាបានកើនឡើងនៅតំបន់ West Bank ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅតំបន់ហ្កាហ្សា ជាមួយនឹងការវាយប្រហារស្ទើរតែរាល់ថ្ងៃដោយកងកម្លាំងអ៊ីស្រាអែល ដែលបានជាប់ពាក់ព័ន្ធក្នុងការចាប់ខ្លួនរាប់ពាន់នាក់ និងការប្រយុទ្ធគ្នាដោយកាំភ្លើងជាប្រចាំរវាងកងកម្លាំងសន្តិសុខ និងយុទ្ធជនប៉ាឡេស្ទីន៕