ពលរដ្ឋខេត្តកោះកុង កំពុងត្រៀមចេញដំណើរត្រឡប់ទៅរាជធានីភ្នំពេញវិញ ក្រោយមកលេងក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌរួចរាល់។
តំណាងពលរដ្ឋ លើកឡើងនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ថា ពួកគាត់ពិតជាសប្បាយរីករាយណាស់ដែលបានជិះរថយន្តឧបត្ថម្ភដោយឥតគិតថ្លៃពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ត្រឡប់ទៅរាជធានីភ្នំពេញ ដើម្បីបន្តបម្រើកិច្ចការងារ។
ពលរដ្ឋក៏សូមថ្លែងអំណអរគុណយ៉ាងជ្រោលជ្រៅជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលសាលារាជធានីភ្នំពេញ ដែលបានផ្តល់ជារថយន្តជិះធ្វើដំណើរដោយមិនគិតថ្លៃ ក្នុងន័យសម្រួលការចំណាយផ្សេងៗពេលមកស្រុកកំណើត។
កាលពីថ្ងៃម្សិលមិញលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានចុះពិនិត្យសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈទៅភ្នំពេញ ក្នុងឱកាសក្រោយពិធីបុណ្យភ្ជុំបិណ្ឌបិទបញ្ចប់ផងដែរ។
លោកជំទាវ អភិបាលខេត្តកោះកុង បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន សម្រេច បញ្ចេញរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ ហើយឆ្នាំនេះ មានរថយន្តចំនួន ៦៥៣គ្រឿង ក្នុងនោះ សម្រាប់ភ្នំពេញ-កោះកុង មានរថយន្តចំនួន ០៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដែលមាន រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ។
លោកជំទាវ បានបន្ថែមទៀតថា ការធ្វើបែបនេះ គឺបានជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ហើយបាននាំមកនូវក្តីរីករាយ និងសុខសុវត្តិភាព ដល់ប្រជាពលរដ្ឋ៕ អត្តបទៈ ឈឹម មករា





