ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៣ តុលា) ថា សហរដ្ឋអាមេរិក កំពុងពិភាក្សាពីការវាយប្រហារលើរោងចក្រប្រេងរបស់អ៊ីរ៉ង់ ជាការសងសឹកចំពោះការវាយប្រហារដោយមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ លើអ៊ីស្រាអែល ខណៈយោធាអ៊ីស្រាអែល បានបន្តវាយប្រហារទីក្រុងបេរូត ជាមួយនឹងប្រតិបត្តិការតាមផ្លូវអាកាសថ្មីក្នុងការប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា។

ខណៈអ៊ីស្រាអែល កំពុងថ្លឹងថ្លែងជម្រើសរបស់ខ្លួនបន្ទាប់ពីអ៊ីរ៉ង់ បើកការវាយប្រហារដ៏ធំបំផុតមិនធ្លាប់មានកាលពីថ្ងៃអង្គារ លោក Biden កាលពីថ្ងៃពុធ បាននិយាយថា លោកនឹងមិនគាំទ្រការវាយប្រហារណាមួយរបស់អ៊ីស្រាអែល ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេ។ ក្រោយមកនៅថ្ងៃព្រហស្បតិ៍ លោក Biden បានប្រាប់អ្នកយកព័ត៌មានថា “យើងកំពុងពិភាក្សាអំពីរឿងនេះ ប៉ុន្តែនឹងពុំមានរឿងអ្វីធំដុំកើតឡើងភ្លាមៗទេ”។

ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិករូបនេះ បានរួមចំណែកដល់កំណើនតម្លៃប្រេងពិភពលោក ហើយកំណើននៃភាពតានតឹងនៅមជ្ឈិមបូព៌ា បានធ្វើឱ្យពាណិជ្ជករព្រួយបារម្ភពីការរំខានដល់ការផ្គត់ផ្គង់។

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ លោក ដាននី ដាណុន (Danny Danon) បានប្រាប់សារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលមាន “ជម្រើសជាច្រើន” សម្រាប់ការសងសឹក ហើយនឹងបង្ហាញភាពរឹងមាំរបស់ខ្លួន “ក្នុងពេលឆាប់ៗនេះ”។
មន្ត្រីអាមេរិកម្នាក់និយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនជឿថាអ៊ីស្រាអែល បានសម្រេចចិត្តឆ្លើយតបនឹងអ៊ីរ៉ង់ រួចហើយនោះទេ៕