យោធាអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានព្រមានប្រជាជនឱ្យជម្លៀសចេញពីទីក្រុងធំមួយ និងទីក្រុងតូចៗ ព្រមទាំងសហគមន៍ជាង២០ផ្សេងទៀត នៅភាគខាងត្បូងប្រទេសលីបង់ ស្ថិតនៅភាគខាងជើងនៃតំបន់ការពារដែលត្រូវបានប្រកាសដោយអង្គការសហប្រជាជាតិ ជាសញ្ញាថាកងទ័ពរបស់ខ្លួនអាចពង្រីកប្រតិបត្តិការជើងគោកដែលបានចាប់ផ្តើមនៅដើមសប្តាហ៍នេះប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហេសបូឡា ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះបុគ្គលិកពេទ្យយ៉ាងហោចណាស់២៨នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់។ អ៊ីស្រាអែលបានប្រាប់ប្រជាជនឱ្យចាកចេញពីទីក្រុង ណាបាទី (Nabatieh) ជារដ្ឋធានីខេត្ត និងសហគមន៍ផ្សេងទៀតនៅភាគខាងជើងនៃទន្លេ Litani ដែលបង្កើតបានជាតំបន់ខាងជើងព្រំដែនដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្ទាប់ពីសង្គ្រាមឆ្នាំ២០០៦នៅក្នុងសេចក្ដីសម្រេច ដែលភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមកពីបទបំពាន។

អ៊ីស្រាអែល ដែលបានប្រយុទ្ធជាមួយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាអស់រយៈពេលជិតមួយឆ្នាំ បានបញ្ជូនទាហានរបស់ខ្លួនទៅកាន់ភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារយៈពេលពីរសប្តាហ៍ បង្កើនភាពតានតឹងនៅក្នុងជម្លោះ ដែលទាញសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឲ្យធ្លាក់ចូលក្នុងហានិភ័យ។
ការព្រមានជម្លៀសនេះ បានកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនៅកណ្តាលរដ្ឋធានីរូតក្នុងការវាយប្រហារមួយ ដែលក្រសួងសុខាភិបាលលីបង់បាននិយាយថាបានសម្លាប់មនុស្ស៩នាក់៕