សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបដិសេធភ្លាមៗចំពោះមគ្គុទេសក៍ទេសចរណ៍ ដែលបានស្នើរសុំសម្តេចឲ្យមានការបើកទេសចរណ៍កែច្នៃ(កាស៊ីណូ) នៅខេតុ្តសៀមរាប ដោយសម្តេច បានលើកឡើងថា ទឹកដីខេត្តសៀមរាបគឺជាកន្លែងវប្បធម៌ដ៏ធំរបស់កម្ពុជា ដោយមិនត្រូវឲ្យមានបនល្បែងឬកាស៊ីណូនោះឡើយ។
តាមរយៈវិដេអូឃ្លីប ដែលទើបតែបង្ហោះ ក្នុងឱកាសពេលដែលជួបជជែក និងពិគ្រោះយោបល់ជាលក្ខណៈក្រៅផ្លូវការ និងគ្មានការព្រាងទុកជាមួយបងប្អូនមគ្គុទេ្ទសក៍ទេសចរណ៍ នៅខេត្តសៀមរាបកាលពីពាក់កណ្តាលខែកញ្ញា កន្លងទៅនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា «មិនអនុញ្ញាតឲ្យមានការបើកកាស៊ីណូទេ ពីព្រោះទឹកដីនេះគឺជាទឹកដីវប្បធម៌របស់ យើងដែលលាយគ្នាជាមួយកសិកម្ម»។
នៅក្នុងឱកាសសំណេះសំណាលដោយគ្មានការព្រាងទុកនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏ បានប្រាប់ដល់មគ្គុទេសក៍ទេសចរណ៍ទាំងនោះផងដែរថា រាជរដ្ឋាភិបាលនឹងខិតខំអភិវឌ្ឍន៍ខេត្តសៀមរាប ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធ, កញ្ចប់ទេសចរណ៍ដោយយកតាម មាត់ស្ទឹងសៀមរាបបង្កើតជាផ្សា ឬកន្លែងកម្សាន្ត ជាពិសេសទៅទៀតនោះគឺផ្សាមួយទៀតដែលនឹងអនុញ្ញាតឲ្យមានលក់ តែវត្ថុបុរាណខ្មែរ មានភ្លេងជាប្រពៃណីខ្មែរជាដើម។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងជាថ្មីម្តងទៀតផងដែរថា ខេត្តសៀមរាបគឺត្រូវតែ ពង្រឹងសន្តិសុខឲ្យខាងតែបាន ខណៈខេត្តនេះគឺជាខេត្តវប្បធម៌ ខេត្តអច្ឆរិយៈ ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តច្រើនជារៀងរាល់ថ្ងៃ រាល់ខែ និងរាល់ឆ្នាំ ដូច្នេះត្រូវតែការពារនូវសន្តិសុខឲ្យបានរឹមមាំបំផុត ដោយមិនត្រូវធ្វេសប្រហែសនោះឡើយចំពោះបញ្ហាសន្តិសុខនេះ៕ អត្ថបទ៖ បាន ចក់


