តាមរបាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤នេះ គោលដៅទេសចរណ៍តាមបណ្តាខេត្ត រាជធានីទទួលបានទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តប្រមាណ ១លាន៨សែននាក់ ក្នុងនោះទេសចរអន្តរជាតិមានប្រមាណជិត ៤ម៉ឺននាក់ ។
របាយការណ៍ បានបញ្ជាក់ថា គោលដៅទេសចរណ៍តាមបណ្តាខេត្តរាជធានី ដែលទទួលភ្ញៀវទេសចរទៅទស្សនាកម្សាន្តច្រើនជាងគេ លំដាប់ទី១ គោលដៅទេសចរណ៍ខេត្តបាត់ដំបង ទទួលបានភ្ញៀវជាតិ-អន្តរជាតិទស្សនាប្រមាណជិត ២២ម៉ឺនាក់ ទី២ ខេត្តសៀមរាប ទទួលបានភ្ញៀវទស្សនាប្រមាណជិត ១៨ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិ ជិត៨ពាន់នាក់ ទី៣ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទស្សនា ជិត១៧ម៉ឺននាក់ ក្នុងនោះទេសចរបរទេស ប្រមាណជិត៥ពាន់នាក់ ទី៤ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទស្សនា ជាង១៥ម៉ឺននាក់ ទី៥ ខេត្តកំពត ទទួលភ្ញៀវទស្សនាប្រមាណជាង១២ម៉ឺននាក់ ។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងថា សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មានភាពល្អប្រសើរ កម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។
ឯកឧត្តម បន្តថា បន្ថែមលើនេះ តាមគោលដៅទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តខេត្តរបស់ខ្លួន ជាពិសេសព្រឹត្តិការណ៍បុណ្យអុំទូកបណ្តែតប្រទីប ព្រឹតិ្តការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ៕ អត្ថបទ ស៊ុម សុខជា











