អូឡាំពិក៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានប្រកាសនៅថ្ងៃពុធម្សិលមិញថា ព្រឹត្តិការណ៍អូឡាំពិករដូវរងានៅទីក្រុងប៉េកាំងប្រទេសចិនឆ្នាំក្រោយ នឹងប្រព្រឹត្តិទៅដោយមិនអនុញ្ញាតឱ្យអ្នកគាំទ្រក្រៅស្រុកចូលទស្សនាឡើយ។

អត្តពលិក មន្ត្រីបច្ចេកទេស រួមទាំងមនុស្សពាក់ព័ន្ធទាំងអស់ពីក្រៅស្រុកត្រូវធ្វើចត្តាឡីស័ក ២១ថ្ងៃ ប្រសិនបើពួកគេមិនបានចាក់វ៉ាក់សាំងពេញលេញ។ ការធ្វើតេស្តរកមេរោគ Covid-19 ក៏នឹងត្រូវធ្វើឡើងជាប្រចាំថ្ងៃសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ខណៈគ្មានសំបុត្រលក់សំរាប់អ្នកទស្សនាមកពីក្រៅប្រទេសឡើយ។ មិនត្រឹមតែអ្នកទស្សនាពីបរទេសទេ សូម្បីក្រុមគ្រួសារអត្តពលិកក៏មិនត្រូវបានអនុញ្ញាតឱ្យចូលទស្សនាដែរ។
គណៈកម្មាធិការអូឡាំពិកចិនគ្រោងរឹតបន្តឹងប្រព័ន្ធសុខភាពរបស់ខ្លួន អំឡុងព្រឹត្តិការណ៍អូឡាំពិករដូវរងានេះតឹងរ៉ឹងជាងនៅពេលជប៉ុនធ្វើម្ចាស់ផ្ទះអូឡាំពិកកន្លងមកទៀត។ ព្រឹត្តិការណ៍នៅទីក្រុងប៉េកាំងឆ្នាំក្រោយនេះ នឹងជាព្រឹត្តិការណ៍របស់អូឡាំពិកទី២ ដែលគ្រោងធ្វើឡើងនៅក្នុងបរិបទ Covid-19 បន្ទាប់ពីអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូប្រទេសជប៉ុនបានបញ្ចប់ដោយជោគជ័យ៕
អត្ថបទ៖នាង សុភាវុធ