ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ (០៣ តុលា) បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះលោកអគ្គលេខាធិការ អង់តូនីអ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បាននិយាយថាខ្លួនហាមប្រាមប្រមុខ UN រូបនេះមិនឱ្យចូលប្រទេស។

ក្រុមប្រឹក្សា ដែលមានសមាជិកចំនួន ១៥រូប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តណាមួយដែលមិនចូលរួមជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ឬអង្គការសហប្រជាជាតិ គឺផ្ទុយពីផលចំណេញ ជាពិសេសនៅក្នុងបរិបទនៃភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា”។ សេចក្តីថ្លែងការណ៍នោះមិនបានដាក់ឈ្មោះអ៊ីស្រាអែល ចំៗទេ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ស៍ (Israel Katz) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនរារាំងលោក Guterres មិនឱ្យចូលទៅក្នុងប្រទេសនេះ ដោយសារតែលោកមិនបាន “ថ្កោលទោសយ៉ាងច្បាស់” ចំពោះការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ លើអ៊ីស្រាអែល។

គួររម្លឹកថា អ៊ីរ៉ង់ បានបាញ់មីស៊ីលបាលិស្ទិកជាង ១៨០គ្រាប់ទៅលើអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ស្របពេលមានកំណើនការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមប្រយុទ្ធតំណាង (ប្រូកស៊ី) របស់ខ្លួននៅលីបង់ គឺក្រុមហេសបូឡា។ លោក Guterres បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជារួមលើស្ថានភាពមជ្ឈិមបូព៌ានៅថ្ងៃដដែលនោះ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ៗលើអ៊ីរ៉ង់នោះទេ៕