បញ្ជីពីសវនការរបស់តុលាការសិង្ហបុរី បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ (០៣ តុលា) ថា មហាសេដ្ឋីអចលនទ្រព្យ លោក អុង បេងសេង (Ong Beng Seng) ដែលមានឈ្មោះក្នុងបទចោទប្រកាន់ជាច្រើនករណីដែលអតីតរដ្ឋមន្ត្រីដឹកជញ្ជូនម្នាក់របស់សិង្ហបុរី ត្រូវបានរកឃើញថាមានទោសនោះ នឹងត្រូវប្រឈមបទព្រហ្មទណ្ឌនៅតុលាការក្នុងថ្ងៃសុក្រ (០៤ តុលា) នេះ។

លោកអតីតរដ្ឋមន្ត្រី អេស អ៊ីស្វារ៉ាន (S. Iswaran) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២ខែនៅព្រឹកថ្ងៃព្រហស្បតិ៍ ពីបទរារាំងយុត្តិធម៌ និងទទួលបានអំណោយជាង ៣០០.០០០ដុល្លារ នៅក្នុងការជាប់ពន្ធនាគារលើកដំបូងរបស់អតីតសមាជិកគណៈរដ្ឋមន្ត្រីនៅក្នុងប្រទេសដែលល្បីល្បាញសម្រាប់អភិបាលកិច្ចស្អាតស្អំ។

សំណុំរឿងនេះបានធ្វើឱ្យកក្រើកសិង្ហបុរី ដែលមានមោទនភាពចំពោះការិយាធិបតេយ្យប្រាក់ខែសមរម្យ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងអភិបាលកិច្ចដ៏រឹងមាំរបស់ខ្លួន។ សិង្ហបុរីស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយតិចបំផុតទាំង៥ របស់ពិភពលោកកាលពីឆ្នាំមុន នេះបើយោងតាមសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ៕