ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ថា ភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តនៅក្នុងខេត្តកំពង់ឆ្នាំង នារដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ មានប្រមាណជាង២៥ម៉ឺននាក់។ ការមកលេងច្រើនបែបនេះបញ្ជាក់ថា ប្រជាពលរដ្ឋបានជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់បានល្អ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តអោយដឹងថា ដោយសាររាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើអោយប្រទេសមានសុខសន្តិភាពពេញបរិបូណ៌ រីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍តែម្តង។ ខេត្តកំពង់ឆ្នាំងនៅក្នុងឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅស្រុកកំណើត ក៏ដូចជាបងប្អូនភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិនានា មានចំនួនកើនឡើងគួរអោយកត់សម្គាល់។ នៅរមណីយដ្ឋានធម្មជាតិគង្គា ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងវិញ ភ្ញៀវទេសចរជាតិបានទៅលេងកម្សាន្តច្រើនកុះករនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះដែរ ដោយឡែកនៅតាមបណ្តារមណីយដ្ឋាននានាផ្សេងទៀតនៅក្នុងខេត្តកំពង់ឆ្នាំង មានភ្ញៀវកើនឡើងគួរអោយកត់សម្គាល់រហូតខេត្តកំពង់ឆ្នាំង ទទួលភ្ញៀវបានជាង២៥ម៉ឺននាក់។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន បើទោះបីប្រើប្រាស់នូវមធ្យោបាយធ្វើដំណើរបែបណាក៏ដោយ។ ម្យ៉ាងវិញទៀត សូមធ្វើដំណើរប្រកបដោយក្តីរីករាយនៅគ្រប់ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត ៕ កាំង ហុង វាស្នា






