អភិបាលស្រុក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលាថា សាកសពយ៉ាងហោចណាស់៨៧នាក់ ត្រូវបានរកឃើញ ហើយមនុស្ស៤០នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីឧបទ្ទវហេតុក្រឡាប់ទូកនៅលើបឹង Kivu ប្រទេសកុងហ្គោ។

វីដេអូមួយ ដែលត្រូវបានមើលឃើញដោយសារព័ត៌មាន Reuters ទំនងជាបង្ហាញពីទូកពីរជាន់ បានផ្អៀងទៅម្ខាង មុនពេលក្រឡាប់នៅក្នុងទឹកមានសភាពស្ងប់។
អភិបាលខេត្ត South Kivu បានប្រាប់សារព័ត៌មានរ៉យទ័រថា មានអ្នកដំណើរចំនួន ២៧៨ នាក់ ស្ថិតនៅលើទូក។ លោក និយាយបន្តថា ចំនួនអ្នកស្លាប់ជាក់លាក់នឹងមិនទាន់ត្រូវបានគេដឹងនៅឡើយ ។

នៅក្នុងរបាយការណ៍ដែលបានបញ្ជូនទៅកាន់រដ្ឋាភិបាលកណ្តាលនៅទីក្រុង Kinshasa រដ្ឋាភិបាលខេត្ត បាននិយាយថា មនុស្សចំនួន៧៨ នាក់ នៅបាត់ខ្លួន។
សាកសពចំនួន៨៧ នាក់ដែលបានរកឃើញ ត្រូវបានដឹកទៅកាន់ទីបញ្ចុះសពនៅមន្ទីរពេទ្យក្នុងទីក្រុង Goma ហើយអ្នកនៅរស់រានមានជីវិតផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ប្រភពព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ទូកនេះ បានផ្ទុកអ្នកដំណើរ និងទំនិញលើសទម្ងន់។
បុគ្គលិកនៅកំពង់ផែ Kituku បាននិយាយថា ទូកមិនអាចទប់ទល់ទៅនឹងរលកដ៏ខ្លាំងបាន មុនពេលវាលិចនៅចម្ងាយប្រហែល៧០០ម៉ែត្រ ពីកំពង់ផែ។