ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ បានចុះសំណេះសំណាល និងសួរសុខទុក្ខ ដល់ក្រុមកីឡាករទូក«ង»កងទ័ពជើងទឹក ដែលកំពុងហ្វឹកហ្វឺនត្រៀមចូលរួមប្រកួត នៅក្នុងឱកាសព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាពេលខាងមុខន។
បើតាមឧត្តមនាវីឯក ទៀ សុខា បានឲ្យដឹងថា បញ្ជាការដ្ឋានកងទ័ពជើងទឹកបានត្រៀមកីឡាករ ដែលជានាវឹកចំនួន៩០នាក់ និងទូកខ្នាតធំចំនួន២គ្រឿង សម្រាប់ចូលរួមប្រកួតប្រជែង ខណៈបុណ្យអុំទូក ឆ្នាំ២០២៤នេះត្រូវបានរាជរដ្ឋាភិបាលប្រកាសថា នឹងធ្វើជាលក្ខណៈទ្រង់ទ្រាយធំនោះ។
នៅក្នុងពិធីសំណេះសំណាលនោះដែរ ឧត្តមនាវីឯក ទៀ សុខា ក៏បានលើកទឹកចិត្ត និងណែនាំ ដល់បងប្អូនកីឡាករទាំងអស់ត្រូវខិតខំធ្វើការហ្វឹកហាត់ និងថែរក្សាសុខភាពដើម្បីចូលរួមការប្រកួត ដើម្បីយកជ័យជម្នះ និងរង្វាន់ក្នុងឱកាសបុណ្យអុំទូកនាពេលខាងមុខនេះផងដែរ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីកន្លងទៅថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើជាលក្ខណៈទ្រង់ទ្រាយធំ។ នៅក្នុងកិច្ចប្រជុំសម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានណែនាំឱ្យគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងទេសចរណ៍ និងវិស័យឯកជន សហការរៀបចំឱ្យបានល្អដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ៕ អត្ថបទបាន ចក់







