ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពជាតិសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ សម្រស់មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព រយៈពេល៣ថ្ងៃ នាខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។
បើតាមលោក ហ៊ួន សាវង ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះថា មហោស្រពជាតិសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ សម្រស់មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព ប្រារព្ធឡើងក្នុងគោលបំណងបំផុសស្មារតីយុវជន ចូលរួមប្រឡងប្រជែងរចនាគំនូរបែបឌីជីថល ដើម្បីផ្សព្វផ្សាយអំពីសម្រស់នៃភាពរីកចម្រើនមាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព ដោយប្រើប្រាស់បច្ចេកវិទ្យា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១។ ក្នុងឱកាសនោះក្រសួង នឹងតាំងបង្ហាញស្នាដៃសិល្បៈសូនរូប និងផលិតផលសិប្បកម្ម ពីតាមបណ្តាអង្គការ សមាគម និងសហគមន៍នានា ព្រមទាំងរៀបចំកម្មវិធីស្វែងយល់អំពី មូលដ្ឋានគ្រឹះសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម និងកម្មវិធីផ្សព្វផ្សាយសិល្បៈវប្បធម៌។
លោក ហ៊ួន សាវង ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម...ហើយជាគោលបំណងនៃការរៀបចំមហោស្រពហាក់បីដូចជាប្លែកជាងឆ្នាំមុនៗកន្លងមក ដោយសារតែយើងទាំងអស់គ្នាបានដឹងហើយ ផ្អែកតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១នេះ ផ្តោតទៅលើបច្ចេកវិទ្យា ម្លោះហើយបានជាក្រុមការងារក្រសួង ជាពិសេសនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម បានសម្រេចរៀបចំមហោស្រពនេះ ជា២ទម្រង់ ដោយរបៀបទី១.គំនូរឌីជីថល(មួយបែប)។ ដោយឡែករបៀបទី២. ដោយសារតែសង្កេតឃើញទេពកោសល្យរបស់យុវជនសម័យនេះ មានទេពកោសល្យផ្នែកឌីជីថលនេះច្រើន ជាពិសេសគឺមានការលេចធ្លោ នៅក្នុងស្រទាប់ទីផ្សាររបស់ស្នាដៃឌីជីថលសំបូរបែបផងដែរ ដូចជា៖ ស្នាដៃខ្លះបានចូលប្រឡូកក្នុងឆាកអន្តរជាតិជាដើម ឬក៏ជាការប្រកួតប្រជែង និងជាការផ្សព្វផ្សាយជាសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស។
លោក ហ៊ួន សាវង បន្តថា ខ្លឹមសារគំនូរស្នាដៃប្រឡងប្រជែងត្រូវរចនាជាគំនូរឌីជីថល ក្រោមប្រធានបទ សម្រស់មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព បង្ហាញឱ្យឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាដូចជា ទេសភាពតំបន់បេតិកភណ្ឌវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ឆ្នេរសមុទ្រជាដើម ដែលមានអត្ថន័យឆ្លុះបញ្ចាំងពីសម្រស់ដ៏ត្រកាលនៃមាតុភូមិ និងជីវភាពរស់នៅយ៉ាងសុខដុមរមនារបស់ប្រជាពលរដ្ឋក្នុងសម័យសន្តិភាព។ ស្នាដៃទាំងនោះត្រូវតែជា ប្រភេទស្នាដៃសិល្បៈច្នៃប្រតិដ្ឋបែបគំនូរឌីជីថល មិនធ្លាប់ចូលរួមប្រកួតប្រជែង ឬដាក់តាំងបង្ហាញជាសាធារណៈ។ ចំណែកលក្ខខណ្ឌចូលរួម បេក្ខជន បេក្ខនារី ដែលមានបំណងដាក់ស្នាដៃប្រឡងប្រជែងត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖ -ពាក្យសុំចូលរួមប្រឡងប្រជែងស្នាដៃ ចំនួន ១ច្បាប់ -ប្រវត្តិរូបសង្ខេប ចំនួន ១ច្បាប់ -រូបថត ៤ x ៦ (ថតថ្មី ផ្ទៃពណ៌ស) ចំនួន ២សន្លឹក -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង ចំនួន ១ច្បាប់ ដាក់ពាក្យ និងទទួលស្នាដៃប្រឡងប្រជែង ចាប់ផ្តើមទទួលពាក្យ និងស្នាដៃប្រឡងប្រជែងពីថ្ងៃជូនដំណឹងនេះ ព័ត៌មានលម្អិត សូមទំនាក់ទំនងមក នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈលោកស្រី អ៊ុក សូលីដានី ទូរស័ព្ទលេខ០១២ ៦១៦ ៥៤៥ (Telegram) និង លោកស្រី ចាន់ ធារី ទូរស័ព្ទលេខ០៧០ ៣៩៥ ០៧៧ (Telegram) ឬសួរព័ត៌មាននៅតាមមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសង្ឃឹមថា សាធារណជន លោក-លោកស្រី សិល្បករ សិប្បករ សិស្ស និស្សិត តំណាងអង្គការ-សមាគមធ្វើការក្នុងវិស័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នឹងចូលរួមក្នុងសកម្មភាពមហោស្រពជាតិសិល្បៈសូនរូប និងសិល្បៈសិប្បកម្មនាពេលខាងមុខបានច្រើនកុះករ ដើម្បីរួមគ្នាបន្តលើកស្ទួយ និងអភិវឌ្ឍន៍ សិល្បៈវប្បធម៌ជាតិឱ្យកាន់តែរុងរឿងថ្កុំថ្កើង៕ អត្ថបទ រដ្ឋា



