ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងថា ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែតុលា ឆ្នាំ២០២៤ ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ ដោយប្រជាពលរដ្ឋបានទៅធ្វើបុណ្យនៅតាមវត្តអារាម ឬទីសក្ការបូជានានា និងដើរកម្សាន្តតាមរមណីយដ្ឋានផ្សេងៗ ប្រកបដោយភាពសប្បាយរីករាយ និងសន្តិសុខល្អ ។
ថ្លែងប្រាប់ BTV នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា ថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋបានធ្វើដំណើរទៅស្រុកកំណើតជួបជុំគ្រួសារ ការនាំយកចង្ហាន់ទេយ្យទានទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាម ឬតាមទីបូជនីយដ្ឋានផ្សេងៗ ក្រោមបរិយាកាសកក់ក្ដៅ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបន្តថា ជាពិសេសភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅតំបន់រមណីយដ្ឋាននៅទូទាំងប្រទេស នៅប្រមាណជាង ១ពាន់គោលដៅ ប្រកបដោយការសប្បាយរីករាយ គ្មានអ្វីជាការព្រួយបារម្ភ ចំពោះបញ្ហាអសន្តិសុខនោះទេ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានបន្ថែមថា ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះចំនួន ២៤លើក ស្មើនឹង ៤១ភាគរយ ខណៈឆ្នាំនេះកើតឡើង ៣៤លើក ហើយឆ្នាំមុនកើតឡើង ៥៨លើក តែគួរឲ្យសោកស្ដាយអ្នកស្លាប់ឆ្នាំនេះមានរហូតដល់ ៣០នាក់ កើនឡើងចំនួន ៨នាក់ បើធៀបនឹងឆ្នាំមុន៕ អត្ថបទ៖ បាន សុខរិទ្ធិ
