អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃព្រហស្បតិ៍ (០៣ តុលា) បានអនុម័តលើម៉ាស៊ីនធ្វើតេស្តរោគវិនិច្ឆ័យរកជំងឺអុតស្វា ឬហៅថា អឹមផក (Mpox) របស់ក្រុមហ៊ុនឧបករណ៍វេជ្ជសាស្រ្ត អាបបុត ឡាបូរ៉េតធើរីស៍ (Abbott Laboratories) សម្រាប់ការប្រើប្រាស់ក្នុងគ្រាអាសន្ន ដែលជាការអនុម័តលើកដំបូងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារនេះក្នុងការពង្រឹងសមត្ថភាពធ្វើតេស្តវេជ្ជសាស្រ្តនៅបណ្ដាប្រទេសដែលកំពុងប្រឈមនឹងការផ្ទុះឡើងនៃជំងឺអុតស្វាថ្មីនេះ។

WHO បាននិយាយថា ម៉ាស៊ីនធ្វើតេស្ត PCR ឈ្មោះថា អាលីនីធី (Alinity m MPXV assay) នេះ អនុញ្ញាតឱ្យរកឃើញ DNA មេរោគអុតស្វាពីដំបៅស្បែករបស់មនុស្ស ដោយបន្ថែមថាម៉ាស៊ីនត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ដោយបុគ្គលិកមន្ទីរពិសោធន៍គ្លីនិកដែលបានទទួលការបណ្តុះបណ្តាល។

ទីភ្នាក់ងារនេះបន្ថែមថា ខ្លួនកំពុងវាយតម្លៃម៉ាស៊ីនតេស្តជំងឺអុតស្វាថ្មីចំនួនបីទៀតសម្រាប់ការប្រើប្រាស់ក្នុងគ្រាអាសន្ន ហើយក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតផ្សេងទៀតដើម្បីពង្រីកលទ្ធភាពប្រើប្រាស់ឧបករណ៍តេស្តអុតស្វាផងដែរ។
WHO បានប្រកាសថាជំងឺអុតស្វា ឬអឹមផកនេះ ជាភាពអាសន្នសុខភាពសាធារណៈសាកលជាលើកទីពីរក្នុងរយៈពេលពីរឆ្នាំក្នុងខែសីហា បន្ទាប់ពីការផ្ទុះឡើងនៃករណីឆ្លងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានរីករាលដាលដល់ប្រទេសជិតខាងដូចជា ប៊ូរ៉ុនឌី អ៊ូហ្កង់ដា និងរ្វាន់ដា រួមទាំងប្រទេសនៅអឺរ៉ុប និងអាស៊ីជាដើម៕