មេដឹកនាំក្រុមហ៊ួទីនៅប្រទេសយេម៉ែន លោក អាប់ឌុល ម៉ាលីក អាល់ហ៊ួទី (Abdul-Malik al-Houthi) បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមនេះ បានកំណត់គោលដៅនាវាចំនួន ១៨៨គ្រឿង ឆ្លងកាត់ សមុទ្រក្រហម សមុទ្រអារ៉ាប់ និងមហាសមុទ្រឥណ្ឌា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលចាក់ផ្សាយដោយទូរទស្សន៍ al-Masirah TVដែលគ្រប់គ្រងដោយក្រុមហ៊ួទី លោក អាល់ហ៊ួទី បាននិយាយថា ការវាយប្រហារ ត្រូវបានចាប់ផ្តើមនៅក្នុងយុទ្ធនាការយោធាមួយ ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
លោកក៏បានអះអាងពីភាពជោគជ័យក្នុងប្រតិបត្តិការការពារដែនអាកាស ដោយក្រុមនេះបានបាញ់ទម្លាក់យានដ្រូនរបស់អាមេរិកចំនួន ១១គ្រឿង មកទល់ពេលនេះ។

ទន្ទឹមនឹងនេះ មេដឹកនាំក្រុមហ៊ួទីនេះ បានកត់សម្គាល់ថា កងកម្លាំងអាមេរិក និងអ៊ីស្រាអែល បានបង្កើនសកម្មភាពយោធាប្រឆាំងនឹងយេម៉ែន ដោយបានធ្វើការវាយប្រហារតាមអាកាសចំនួន ៣៩លើក ក្នុងសប្តាហ៍នេះ។
នៅពេលចង្អុលទៅការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ទៅលើទីក្រុងកំពង់ផែ Hodeidah ភាគខាងលិចនៃប្រទេសយេម៉ែន ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់នោះ លោក អាល់ហ៊ួទី បានសង្កត់ធ្ងន់ថា ការវាយប្រហារបែបនេះ នឹងមិនរារាំងដល់ប្រតិបត្តិការយោធារបស់ក្រុមហ៊ួទី បានទេ។