អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) បាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្កេរុ អ៊ីស៊ីបា (Shigeru Ishiba) នៅថ្ងៃសុក្រ (០៤ តុលា) នេះ បានបង្គាប់ជាផ្លូវការឱ្យគណៈរដ្ឋមន្ត្រីរបស់លោកចងក្រងកញ្ចប់សេដ្ឋកិច្ចថ្មី ដើម្បីទប់ទល់នឹងផលប៉ះពាល់ដល់ប្រជាជនពីការកើនឡើងនៃថ្លៃចំណាយប្រចាំថ្ងៃ។
អ្នកនាំពាក្យបន្ថែមថា កញ្ចប់ថវិកាបន្ថែមមួយនឹងត្រូវបានចងក្រងបន្ទាប់ពីការបោះឆ្នោតសភាជាន់ទាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះ។
លោក Ishiba បាននិយាយនៅដើមសប្តាហ៍នេះថា គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋបាលលោក នឹងដាក់អាទិភាពខ្ពស់បំផុតក្នុង “ការទាញប្រទេសជប៉ុនចេញពីបរិត្តផរណា” រួមទាំងការជំរុញប្រាក់ឈ្នួលគោល និងការចំណាយដើមទុនសាជីវកម្ម។
លោក Ishiba បានលើកឡើងថា កញ្ចប់ថ្មីនៃវិធានការសេដ្ឋកិច្ចនោះនឹងរួមបញ្ចូលការផ្តល់ការទូទាត់ដល់ក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប។ នាយករដ្ឋមន្ត្រីរូបនេះក៏បានណែនាំឱ្យបង្កើតផែនការចំណាយបន្ថែមសម្រាប់តំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនៅត្រឹមពាក់កណ្តាលខែតុលា។
ការស្ទង់មតិដែលធ្វើឡើងដោយសារព័ត៌មាន ក្យូដូ (Kyodo News) បានបង្ហាញថាគណៈរដ្ឋមន្ត្រីថ្មីរបស់លោក Ishiba មានអត្រាគាំទ្រ ៥០,៧% ភ្លាមៗបន្ទាប់ពីឡើងកាន់តំណែងក្នុងសប្តាហ៍នេះ៕


