សារព័ត៌មានក្នុងស្រុក Le Nouvelliste បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១១ នាក់ បានស្លាប់ និងរាប់សិបនាក់រងរបួស នៅក្នុងការវាយប្រហារមួយនៅពេលយប់ ក្នុងទីក្រុងរបស់ប្រទេសហៃទី ធ្វើឡើងដោយក្រុមជនអន្ធពាល Gran Grif ខណៈក្រុមជនអន្ធពាលប្រដាប់អាវុធ កំពុងពង្រីកឥទ្ធិពលរបស់ពួកគេពីរដ្ឋធានី។
សារព័ត៌មាន Le Nouvelliste រាយការណ៍ថា ប្រជាជនរាប់ពាន់នាក់ បានចាកចេញពីទីក្រុង Pont-Sonde មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានី ដើម្បីស្វែងរកទីជ្រកកោននៅក្នុងទីក្រុងឆ្នេរសមុទ្រ Saint-Marc។
ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បានរាយការណ៍ថា ចំនួនអ្នកស្លាប់អាចមានចំនួនដល់រាប់សិបនាក់។ នគរបាលជាតិរបស់ប្រទេសហៃទី បានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្សច្រើននាក់ត្រូវបានសម្លាប់ និងរងរបួសធ្ងន់ នៅក្នុងការវាយប្រហារនេះ ប៉ុន្តែពុំបានប្រាប់ពីចំនួនឡើយ។
នគរបាលនិយាយថា ភ្នាក់ងារមកពីអង្គភាពយុទ្ធសាស្ត្រប្រឆាំងក្រុមជនអន្ធពាល ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ។
ក្រសួងយុត្តិធម៌របស់ប្រទេសហៃទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នគរបាលត្រូវបានណែនាំជាផ្លូវការឱ្យស្តារសណ្តាប់ធ្នាប់ឡើងវិញ និងទប់ស្កាត់រាល់អំពើភេរវកម្មដែលរីករាលដាល។