ដោយលើកឡើងពីប្រភពមិនបញ្ចេញឈ្មោះដែលស្និទ្ធនឹងវិមានក្រឹមឡាំង អង្គភាពសារព័ត៌មានឯករាជ្យរុស្ស៊ី Explanatory Note បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបោះបង់ចោលពីការមាននូវក្តីសង្ឃឹមណាមួយ ដើម្បីទទួលបានដំណោះស្រាយយ៉ាងឆាប់រហ័ស ក្នុងប្រទេសអ៊ុយក្រែន តាមរយៈកិច្ចចរចាសន្តិភាព ហើយឥឡូវនេះ កំពុងផ្តោតខ្លាំងលើការបំផ្លិចបំផ្លាញរដ្ឋអ៊ុយក្រែនទាំងស្រុង។
រហូតមកដល់ពេលថ្មីៗនេះ ប្រភពនោះនៅតែជឿជាក់ថា ការបញ្ចប់សង្រ្គាម តាមរយៈការចរចា អាចធ្វើទៅបាន ជាពិសេសដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបង្ហាញពីឆន្ទៈ ក្នុងការធ្វើប្រជាមតិ ដើម្បីគាំទ្រដល់ការបញ្ចប់អរិភាព។ តែទោះបីជាយ៉ាងណាក្ដី បន្ទាប់ពីការលុកលុយយោធា នាពេលថ្មីៗនេះរបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk បានចាប់ផ្តើម ខណៈពេលដែលការពិភាក្សាមិនផ្លូវការ អំពីសន្និសីទសន្តិភាព កំពុងដំណើរការ សម្ទុះបានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយនាំទៅដល់ការមានគោលដៅដ៏សំខាន់ថ្មី សម្រាប់លោក Putin នោះគឺការបំផ្លិចបំផ្លាញរដ្ឋអ៊ុយក្រែនទាំងស្រុង។
យោងតាមសារព័តមាន Explanatory Note បានបន្តទៀតថា ប្រភពមានសុទិដ្ឋិនិយមអំពីលទ្ធភាពនៃការចរចារ នៅដំណាច់រដូវក្តៅ ដែលជំរុញដោយកត្តាផ្សេងៗ ក្នុងរួមទាំងការផ្លាស់ប្តូរអ្នកទោសសំខាន់ៗ និងការពិភាក្សា រវាងមន្ត្រីយោធាពីភាគីទាំង២។ គួរកត់សម្គាល់ថា ប្រភពនានាបានរំពឹងថា នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីកំណត់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលត្រូវបានវិមានក្រឹមឡាំងយល់ឃើញថា ជាជំហានអំណោយផលឆ្ពោះទៅរកសន្តិភាព។ ការរៀបចំទាំងនេះត្រូវបានត្រៀមបញ្ចប់ នៅប្រទេសកាតា នាចុងខែសីហា ដែលអាចបើកផ្លូវឲ្យមានការកាត់បន្ថយភាពតានតឹងកាន់តែទូលំទូលាយឡើង។
តែសារព័តមាន Explanatory Note បានបញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចប់ បន្ទាប់ពីការសម្រេចចិត្តរបស់អ៊ុយក្រែន ក្នុងការបើកការវាយលុកចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី។ ការលុកលុយនេះបានធ្វើឲ្យលោក Putin ក្រេវក្រោធ ដោយលោកបានបកស្រាយពីសកម្មភាពរបស់ទីក្រុងគីវថា ជាការក្បត់ ចំពោះកិច្ចពិភាក្សា។ ហើយបណ្តាញសារព័ត៌មាននេះ បានកត់សម្គាល់ថា ឥស្សរជនរុស្ស៊ីភាគច្រើន ដែលបើកចំហឲ្យមានការចរចារ បានពង្រឹងជំហររបស់ខ្លួនកាន់តែតឹងរ៉ឹងជាងមុន៕



