អ្នកនាំពាក្យរងក្រសួងការពារជាតិអ្នកស្រី Sabrina Singh បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក មិនទាន់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការនិយាយថា នៅពេលណាដែលខ្លួននឹងចាប់ផ្តើមវគ្គបណ្តុះ បណ្តាលសម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែនចំនួន ១៨នាក់ បន្ថែមទៀត ដើម្បីបើកយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក។
ដោយឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អ្នកស្រី បាននិយាយថា៖«ខ្ញុំមិនមានពេលវេលាកំណត់សម្រាប់អ្នកលើរឿងនេះទេ។ ដូចដែលអ្នកដឹងស្រាប់ហើយ តម្រូវការមួយសម្រាប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះ គឺជាជំនាញភាសាអង់គ្លេស។ ដូច្នេះនៅពេលដែលអាកាសយានិកទាំងនោះ ត្រូវបានបណ្តុះបណ្តាល និងត្រៀមខ្លួនរួចរាល់ យើងនឹងចាប់ផ្តើមធ្វើការជាមួយពួកគេ។ ប៉ុន្តែខ្ញុំ គ្រាន់តែមិនមានការធ្វើបច្ចុប្បន្នភាព ឬកំណត់ពេលវេលាសម្រាប់អ្នកនោះទេ»។
មុននេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ( Joe Biden) បានបញ្ជាឲ្យមន្ទីរបញ្ចកោណ ពង្រីកការហ្វឹកហ្វឺនសម្រាប់អ្នកបើកយន្តហោះ F-16 របស់អ៊ុយក្រែន ដោយគាំទ្រដល់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះចំនួន ១៨ នាក់បន្ថែមទៀត នៅឆ្នាំក្រោយ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃទី ៧ ខែសីហាថា យន្តហោះចម្បាំង F-16 នឹងមិនក្លាយជាអាវុធទិព្វដែលអាចមានឥទ្ធិពលលើដំណើរនៃអរិភាពទាំងនេះបានទេ ហើយ «នឹងត្រូវបានបំផ្លាញឥតឈប់ឈរ ដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី»។