អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែតុលា) បាននិយាយថា វាជារឿងសមស្រប សម្រាប់អ៊ីស្រាអែល ក្នុងការបន្តវាយប្រហារ ទាំងផ្លូវគោក និងផ្លូវអាកាសលើក្រុមហេបូឡា នាពេលនេះ បើទោះបីជាលោកបានទទួលស្គាល់នូវហានិភ័យនៃប្រតិបត្តិការ នៅក្នុងប្រទេសលីបង់ ទៅហួសពីគោលដៅបច្ចុប្បន្នរបស់អ៊ីស្រាអែលក៏ដោយ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបញ្ជូនកងទ័ពទៅកាន់ភាគខាងត្បូងលីបង់ កាលពីថ្ងៃទី១ ខែតុលា បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លារយៈពេល ២សប្តាហ៍ នៅក្នុងជម្លោះកាន់តែអាក្រក់ទៅៗដែលបានអូសទាញរហូតដល់ប្រទេសអ៊ីរ៉ង់ និងហានិភ័យពីការមានពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិក។
ដោយនិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Miller បាននិយាយថា ធម្មជាតិនៃជម្លោះទាំងអស់ គឺ «ប្រែប្រួលមិនទៀងទាត់» និង «មិនអាចទាយទុកមុនបាន» ហើយដូច្នេះ វាមិនអាចនិយាយបានថាតើ វានឹងត្រូវការរយៈពេលយូរប៉ុនណា ដែលអ៊ីស្រាអែលនឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការបោសសម្អាតហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេបូឡា នៅភាគខាងត្បូងលីបង់ និងក្នុងការអាចឲ្យពលរដ្ឋអ៊ីស្រាអែលដែលភៀសខ្លួនចេញពីលំនៅឋានឆ្លងកាត់ព្រំដែនវិលត្រឡប់ទៅវិញ ក្រោយការបាញ់គ្រាប់រ៉ូកែតជាច្រើនខែ។
លោក Miller បានបន្ថែមថា៖ «ចុងក្រោយ យើងចង់ឃើញបទឈប់បាញ់ និងដំណោះស្រាយការទូត ប៉ុន្តែយើងគិតថា នៅពេលនេះ ជារឿងសមស្របដែលអ៊ីស្រាអែល កំពុងដាក់ទណ្ឌកម្មដល់ពួកភេរវករ»។
យ៉ាងណាក្ដី ទីក្រុងវ៉ាស៊ីនតោនបានព្រមានអ៊ីស្រាអែលម្តងហើយម្តងទៀត ប្រឆាំងនឹងការធ្វើឲ្យជម្លោះកើនឡើង ប៉ុន្តែសំណើបទឈប់បាញ់រយៈពេល ៣សប្តាហ៍ដែលបានដាក់ចេញដោយសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត កាលពីសប្តាហ៍មុន ត្រូវបានច្រានចោលភ្លាមៗ ដោយអ៊ីស្រាអែល ដែលគាំទ្រឲ្យមានប្រតិបត្តិការកាន់តែខ្លាំងឡើង៕


