រដ្ឋាភិបាលនេប៉ាល់បានចេញការប្រកាសអាសន្នថ្មី ពីការធ្លាក់ភ្លៀងខ្លាំង នៅកណ្ដាលសប្ដាហ៍នេះ បន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈរជាច្រើនថ្ងៃ បានបង្កជាទឹកជំនន់ និងបំណាក់ដី ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ជាង ២៤០នាក់ នៅទូទាំងប្រជាជាតិហិមាល័យ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ramesh Lekhak បានបញ្ជាឲ្យអាជ្ញាធរ និងភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បន្តប្រុងប្រយ័ត្នខ្ពស់ ខណៈដែលការព្យាករណ៍អាកាសធាតុ ព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្ត Koshi និង Bagmati ក៏ដូចជា នៅជ្រលងភ្នំរដ្ឋធានី Kathmandu នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។
ការព្រមាននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានជលសាស្ត្រ និងឧតុនិយម បានបង្ហាញពីហានិភ័យដែលអាចនឹងមានភ្លៀងធ្លាក់បន្តបន្ទាប់ទៀតនៅផ្នែកខ្លះនៃខេត្តទាំង២ នេះ។ ហើយលោក Lekhak បានជំរុញឲ្យអាជ្ញាធរផ្នែកកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ (NDRRMA) មន្ត្រីប្រចាំតំបន់ និងរដ្ឋបាលមូលដ្ឋាន ប្រុងប្រយ័ត្ន ចំពោះហានិភ័យដែលអាចកើតមានពីគ្រោះមហន្តរាយនេះ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏បានអំពាវនាវដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួន ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមាន ដោយសារភ្លៀងធ្លាក់ខ្លាំង និងផលវិបាកពីការធ្លាក់ភ្លៀងនេះ។
គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Rishiram Tiwari បានប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ មនុស្ស ១៣.០៧១នាក់ ត្រូវបានជួយសង្គ្រោះពីតំបន់រងគ្រោះដោយទឹកជំនន់។ គ្រោះមហន្តរាយដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ បានបន្តបណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ នៅក្នុងខេត្តជាច្រើន រហូតដល់ថ្ងៃអាទិត្យ ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ។ ហើយតំបន់ដ៏ធំនៃភាគខាងកើត និងភាគកណ្តាលនៃប្រទេសនេប៉ាល់ ត្រូវបានជន់លិច ចាប់តាំងពីថ្ងៃសុក្រមក៕



