មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei គ្រោងនឹងដឹកនាំការអធិដ្ឋាន នៅថ្ងៃសុក្រ (ទី៤ ខែតុលា) នេះ ហើយថ្លែងសុន្ទរកថាជាសាធារណៈ ដែលអាចពន្យល់អំពីផែនការរបស់សាធារណរដ្ឋអ៊ិស្លាម បន្ទាប់ពីមានការវាយប្រហារយ៉ាងធំដោយមីស៊ីលទៅលើគូសត្រូវ គឺអ៊ីស្រាអែល។
នៅថ្ងៃទី៤ ខែតុលានេះ ការផ្ដល់ឱវាទថ្ងៃសុក្រដ៏កម្ររបស់លោក Khamenei ដែលជាលើកទី១ ក្នុងរយៈពេលជិត ៥ឆ្នាំ បានកើតឡើង ៣ថ្ងៃ មុនខួប ១ឆ្នាំនៃសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមប៉ាឡេស្ទីនដែលគាំទ្រដោយអ៊ីរ៉ង់ កាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
គេហទំព័រផ្លូវការរបស់លោក បានឲ្យដឹងថា មេដឹកនាំកំពូលដែលកាន់អំណាចខ្ពស់បំផុត នៅក្នុងប្រទេសអ៊ីរ៉ង់ នឹងដឹកនាំប្រជាជនមូស្លីម ដើម្បីអធិដ្ឋាន នៅឯវិហារអ៊ិស្លាម Imam Khomeini Grand Mosalla នាកណ្តាលទីក្រុងតេអេរ៉ង់។
ការអធិដ្ឋាន នឹងធ្វើឡើងបន្ទាប់ពី «ពិធីគោរពវិញ្ញាណក្ខន្ធ» នៅវេលាម៉ោង ១០:៣០នាទីព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៧:៣០នាទីព្រឹក ម៉ោងសកល) ចំពោះលោក Hassan Nasrallah ជាមេដឹកនាំដែលត្រូវបានសម្លាប់របស់ក្រុមចលនាប្រដាប់អាវុធលីបង់ គឺក្រុមហេបូឡាដែលគាំទ្រដោយទីក្រុងតេអេរ៉ង់។
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលឆ្លើយតបទៅកាន់លោក Khamenei បាននិយាយថា ការបាញ់ស្រោចមីស៊ីល ២០០គ្រាប់ កាលពីថ្ងៃទី១ ខែតុលា គឺជាការសងសឹកលើអ៊ីស្រាអែល ចំពោះការសម្លាប់លោក Nasrallah រួមជាមួយមេបញ្ជាការឆ្មាំ លោក Abbas Nilforoushan ក្នុងការវាយប្រហារកាលចុងខែកញ្ញាលើទីក្រុងបេរូត និងមេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេអេរ៉ង់ នៅខែកក្កដា៕


