អតីតមន្ត្រីដែលត្រូវបានកាត់ទោសពីបទវាយដំយ៉ាងឃោរឃៅ លើអ្នកបើកបររថយន្តជនជាតិស្បែកខ្មៅម្នាក់ ត្រូវបានរកឃើញថា មានទោសពីបទរំលោភសិទ្ធិជនស៊ីវិល កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែតុលា)នៅឯតុលាការសហព័ន្ធសហរដ្ឋអាមេរិក ខណៈដែលបុគ្គល ២នាក់ផ្សេងទៀត ត្រូវបានផ្ដន្ទាទោស ជុំវិញការចោទប្រកាន់ពីបទរំខានសាក្សី។
ជនទាំង៣ បានរួចផុតពីការប្រឈមនឹងការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុត ដែលនឹងធ្វើឲ្យពួកគេទទួលខុសត្រូវចំពោះការស្លាប់របស់លោក Tire Nichols វ័យ ២៩ឆ្នាំ។ ប៉ុន្តែពួកគេនៅតែប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលយូររហូតដល់ ២០ឆ្នាំ បន្ទាប់ពីការផ្ដន្ទាទោសពីបទឧក្រិដ្ឋ។
នគរបាលស្បែកខ្មៅសរុបចំនួន ៥នាក់ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការស្លាប់របស់លោក Nichols ក្នុងខែមករា ឆ្នាំ២០២៣ ដែលជនរងគ្រោះត្រូវបានទាត់ ដាល់ ឆក់ និងបាញ់ម្សៅម្រេចដាក់ បន្ទាប់ពីឲ្យឈប់សួរនាំរឿងចរាចរណ៍ នៅទីក្រុង Memphis រដ្ឋ Tennessee ដោយការវាយដំនោះត្រូវបានថតជាប់នៅក្នុងវីដេអូកាមេរ៉ាសុវត្ថិភាពរបស់នគរបាល។
២នាក់ ក្នុងចំណោមជនទាំងនោះ បានផ្ដល់ចម្លើយពីភាពមានទោស ចំពោះបទល្មើសរំលោភសិទ្ធិជនស៊ីវិល ខណៈដែល ៣នាក់ទៀត ដែលមានឈ្មោះ Tadarrius Bean, Demetrius Haley និង Justin Smith បានជ្រើសរើសឡើងសវនាការ ជុំវិញចោទប្រកាន់ដែលរួមមានការដកហូតសិទ្ធិរបស់លោក Nichols តាមរយៈការប្រើប្រាស់កម្លាំងហួសហេតុ៕