តុលាការអូស្ត្រាលី នៅថ្ងៃសុក្រ (ទី៤ ខែតុលា) នេះ បានសម្រេចតម្កល់ដីកាបង្គាប់ឲ្យបណ្ដាញសង្គម X របស់លោក Elon Musk បង់ប្រាក់ពិន័យចំនួន ៦១០.៥០០ដុល្លារអូស្ត្រាលី (៤១៨.០០០ដុល្លារ) ជុំវិញការខកខានមិនបានសហការជាមួយនិយតករ ដែលស្នើសុំព័ត៌មាន អំពីការអនុវត្តប្រឆាំងនឹងការរំលោភបំពានលើកុមារ។
ក្រុមហ៊ុនបណ្ដាញសង្គម X បានជំទាស់នឹងបញ្ជាផាកពិន័យនេះ ប៉ុន្តែតុលាការសហព័ន្ធរបស់អូស្ត្រាលី បានសម្រេចថា ក្រុមហ៊ុនមានកាតព្វកិច្ចឆ្លើយតបទៅនឹងការជូនដំណឹងពីស្នងការ eSafety (និយតករសុវត្ថិភាពអ៊ីនធឺណិត) ដែលរកស្វែងរកព័ត៌មាន អំពីនីតិវិធី ក្នុងការដោះស្រាយជាមួយនឹងករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅលើវេទិការបស់បណ្ដាញសង្គមនេះ។
ប៉ុន្តែបណ្ដាញសង្គម X (ពីមុនជា Twitter) ដែលត្រូវបានលោក Musk ទិញយកជាលក្ខណៈឯកជន ក្នុងឆ្នាំ២០២២ បានជំទាស់ថា ខ្លួនមិនមានកាតព្វកិច្ចឆ្លើយតបនឹងការជូនដំណឹងនេះទេ កាលពីដើមឆ្នាំ២០២៣ ដោយសារតែខ្លួនត្រូវបានបញ្ចូលទៅក្នុងអង្គភាពសាជីវកម្មថ្មីដែលគ្រប់គ្រងដោយលោក Musk ដោយដកចេញនូវរាល់ការទទួលខុសត្រូវផ្នែកច្បាប់។
នៅក្នុងសេចក្តីថ្លែងការណ៍ បន្ទាប់ពីមានសាលក្រម ស្នងការ eSafety លោកស្រី Julie Inman Grant បានឲ្យដឹងថា៖ «ប្រសិនបើទឡ្ហីករណ៍របស់ក្រុមហ៊ុន X Corp ត្រូវបានទទួលយកដោយតុលាការ វាអាចបង្កើតបាននូវគំរូដ៏គួរឲ្យព្រួយបារម្ភ ដែលការច្របាច់បញ្ចូលគ្នារបស់ក្រុមហ៊ុនបរទេសជាមួយក្រុមហ៊ុនបរទេសផ្សេងទៀត អាចធ្វើឲ្យជៀសផុតពីកាតព្វកិច្ចបទប្បញ្ញត្តិ នៅក្នុងប្រទេសអូស្ត្រាលី»។
ជាមួយគ្នានេះ eSafety ក៏បានចាប់ផ្តើមដំណើរការនីតិវិធីរដ្ឋប្បវេណីប្រឆាំងនឹងក្រុមហ៊ុន X ផងដែរ ដោយសារការមិនអនុលោមតាមច្បាប់របស់ខ្លួន។ ក្រុមហ៊ុន X មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ នៅថ្ងៃសុក្រនេះ៕

