បាល់ទាត់៖ ខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal, Granit Xhaka នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៣ខែដោយសាររបួសជង្គង់។ កីឡាករក្រុមជំរើសជាតិស្វ៊ីសរូបនេះបានទទួលរងរបួសជង្គង់នេះអំឡុងការប្រកួតដែល Arsenal យកឈ្នះ Tottenham Hotspur ៣-១ កាលពីថ្ងៃអាទិត្យ។

Xhaka បានប៉ះទង្គិចជាមួយ Lucas Moura ដែលគេចពីការដេញតាមរបស់ Thomas Partey ស្របពេលដែល Spurs ក៏រកបានមួយគ្រាប់វិញនៅពេលនោះ។ កីឡាករវ័យ ២៩ឆ្នាំរូបនេះក្រោយមកក៏ត្រូវបានផ្លាស់ប្តូរចេញដោយ Albert Sambi Lokonga។ ក្រោយពីការពិនិត្យនៅថ្ងៃពុធម្សិលមិញនេះ Arsenal បានបញ្ជាក់ថារបួសរបស់ Xhaka នឹងធ្វើឱ្យរូបគេអវត្តមានពីការប្រកួតរហូតដាច់ឆ្នាំ២០២១ នេះ។ សូមបញ្ជាក់ថា Arsenal ទើបតែឈ្នះ ៣ប្រកួតជាប់គ្នានៅ Premier League រដូវកាលនេះ បន្ទាប់ពីបរាជ័យផ្ទួនៗ ៣ប្រកួតផ្ទួនពេលចាប់ផ្តើមរដូវកាល៕
អត្ថបទ៖នាង សុភាវុធ