វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី៤ ខែតុលា) នេះ បានចោទប្រកាន់អាជ្ញាធរអ៊ុយក្រែនថា បានប្រលែងលេងជាមួយភ្លើង ពោលគឺកំពុងបង្កនូវហានិភ័យ ដោយការលើកឡើងនេះ កើតមានមួយថ្ងៃបន្ទាប់ពីកងកម្លាំងរុស្ស៊ី បាននិយាយថា ខ្លួនបានស្ទាក់ចាប់យានដ្រូនរបស់អ៊ុយក្រែន នៅក្បែររោងចក្រនុយក្លេអ៊ែរ ក្នុងតំបន់ Kursk ហើយសារព័ត៌មានមួយចំនួន បានរាយការណ៍ថា មានអគ្គិភ័យ នៅចម្ងាយប៉ុន្មានម៉ាយល៍ពីរោងចក្រនោះ។
ដោយសំដៅទៅទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ទីក្រុងគីវ កំពុងបន្តប្រលែងលេងជាមួយភ្លើង ហើយយើងនឹងផ្ដល់ដំណឹងពីករណីនេះទៅអ្នកតំណាងរបស់ IAEA»។
យ៉ាងណាក្ដី អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhiy Tykhyi កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែតុលា) បានបដិសេធថា អ៊ុយក្រែនមិនបានបាញ់អាវុធសំដៅ ឬក្បែររោងចក្រនេះនោះទេ។
គួរបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនបានចូលទៅក្នុងតំបន់ Kursk នៅក្នុងការលុកលុយឆ្លងព្រំដែនដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី៦ ខែសីហា ហើយបន្តមានវត្តមាននៅទីនោះដដែល ទោះបីជាយោធារុស្ស៊ីព្យាយាមវាយរុញពួកគេឲ្យចេញក៏ដោយ៕