រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅក្នុងអត្ថបទមួយដែលចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ីថា របបទីក្រុងគីវ កំពុងបណ្តុះបណ្តាលក្រុមសកម្មប្រយុទ្ធពីអង្គការភេរវកម្មអន្តរជាតិ Hay'at Tahrir al-Sham នៅប្រទេសស៊ីរី ដោយមានការសម្របសម្រួលជាមួយអាមេរិក។
លោករដ្ឋមន្ត្រី បាននិយាយថា៖«របបរបស់លោក វ្ល៉ូឌីមី ហ្សេឡិនស្គី ក្នុងការសម្របសម្រួលជាមួយជនជាតិអាមេរិក កំពុងបណ្តុះបណ្តាលភេរវករពីអង្គការ Hay'at Tahrir al-Sham នៅក្នុងប្រទេសស៊ីរី ដោយប្រើ បច្ចេកវិទ្យាផលិតដ្រូនថ្មីសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ក្នុងសាធារណរដ្ឋនេះ។
លោក Lavrov បានកត់សម្គាល់ថា ក្រុមចម្រុះលោកខាងលិច បន្តធ្វើការវាយប្រហារនៅក្នុងប្រទេសស៊ីរី ដោយ «បានលើកទឹកចិត្តរបបទីក្រុងគីវឲ្យចូលរួមក្នុងសកម្មភាពភេរវកម្មស្រដៀងគ្នា នៅក្នុងតំបន់រុស្ស៊ី ដែលជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ត្រូវបានកំណត់គោលដៅដោយមានការគាំទ្រដោយផ្ទាល់ពីលោកខាងលិច»។
កាលពីថ្ងៃទី ១៤ ខែកញ្ញា សារព័ត៌មានទួរគី Aydinlik បានអះអាងថា មានវីដេអូនៃកិច្ចប្រជុំនៅក្នុងប្រទេសស៊ីរី រវាងប្រជាជនអ៊ុយក្រែន និងសមាជិកនៃ Hay'at Tahrir al-Sham ដែលជាអង្គការហាមឃាត់ក្នុងប្រទេសរុស្ស៊ី។ សារព័ត៌មាន បានបោះពុម្ពរូបថតដែលបង្ហាញពីបុគ្គលពីរនាក់ គឺម្នាក់ពាក់អាវយឺតដែលមាននិមិត្តសញ្ញាបីនៅលើដៃអាវ និងម្នាក់ទៀតស្លៀកពាក់ឯកសណ្ឋានយោធាពណ៌ប្រផេះ-ខៀវ។ របាយការណ៍ បានបញ្ជាក់ថា រូបភាពទាំងនោះ ត្រូវបានថតនៅក្នុងខេត្ត Idlib ហើយមានកាលបរិច្ឆេទតាំងពីខែមិថុនា ឆ្នាំនេះ។