តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក ចូសិប បូរ៉ែល (Josep Borrell) បានព្រមានភាគីជម្លោះនៅមជ្ឈិមបូព៌ាប្រឆាំងនឹងការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ។
លោកបាននិយាយនៅក្នុងវេទិកាមួយក្នុងប្រទេសអេស្ប៉ាញថា៖«សារដំបូងដែលខ្ញុំចង់បង្ហាញនៅថ្ងៃនេះ គឺជាសំណើដ៏ម៉ឺងម៉ាត់ ដែលជាការទាមទារពីសហភាពអឺរ៉ុប ( EU) មិនអនុញ្ញាតឲ្យមានការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ» ។ សុន្ទរកថារបស់អ្នកការទូតរូបនេះ ត្រូវបានចាក់ផ្សាយនៅលើគេហទំព័រនៃសេវាសោតទស្សន៍នៃគណៈកម្មការអឺរ៉ុប។
លោកបាននិយាយថា៖«សហភាពអឺរ៉ុប តែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់លើការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរណាមួយក្នុងពិភពលោក។ នេះជាជំហររបស់យើងចំពោះអ៊ុយក្រែន ឬរុស្ស៊ី នៅពេលដែលមានលទ្ធភាពបែបនេះ កើតឡើង»។
លោកបានបញ្ជាក់ថា៖«យើងកំពុងប្រឈមមុខនឹងហានិភ័យនៃការពង្រីកសង្រ្គាមក្នុងតំបន់។ ការវាយប្រហារបែបសន្មតទៅលើរោងចក្រនុយក្លេអ៊ែរ នឹងមាន «គ្រោះថ្នាក់ខ្លាំង» ហើយនឹងមានផលវិបាកនៃ «ទំហំដែលមិនអាចទាយទុកជាមុនបាន» ។