សហរដ្ឋអាមេរិក នឹងពិភាក្សាលើលទ្ធភាពនៃការវាយប្រហារលើទីតាំងប្រេងរបស់អ៊ីរ៉ង់ ជាការសងសឹកចំពោះការវាយប្រហារដោយមីស៊ីលរបស់ទីក្រុងតេអេរ៉ង់លើអ៊ីស្រាអែល ។ នេះបើយោងតាមការអះអាងរបស់លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃព្រហស្បតិ៍ ។
អ៊ីស្រាអែលកំពុងពិនិត្យមើលជម្រើសរបស់ខ្លួន ក្រោយពេលអ៊ីរ៉ង់ បើកការវាយប្រហារទ្រង់ទ្រាយធំបំផុតពុំធ្លាប់មានកាលពីថ្ងៃអង្គារ ។
លោក Biden ត្រូវបានសួរថាតើលោកនឹងគាំទ្រការវាយបហាររបស់អ៊ីស្រាអែលលើទីតាំងប្រេងរបស់អ៊ីរ៉ង់ដែរឬទេ ។ លោកថា ពួកយើងកំពុងពិភាក្សាគ្នាលើបញ្ហាមួយនេះ ។
សេចក្តីអត្ថាធិប្បាយរបស់លោក នាំឲ្យមានការហក់ឡើងខ្ពស់តម្លៃប្រេងសកលលោក ដោយសារភាពតានតឹងឡើងកម្តៅខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ដោយលោកធ្វើការសង្កត់ធ្ងន់ផងដែរថា វិធានការបន្ទាន់ពុំទាន់មានទេ តែលោកធានាថា អ៊ីស្រាអែលនឹងឆ្លើយតបចំពោះការឈ្លានពានរបស់អ៊ីរ៉ង់ ។
មន្រ្តីសហរដ្ឋអាមេរិកមួយរូប និយាយថា ទីក្រុងវ៉ាស៊ីងតោន ពុំទាន់ជឿថា អ៊ីស្រាអែលបានសម្រេចចិត្តលើវិធីឆ្លើយតបនឹងអ៊ីរ៉ង់នៅឡើយនោះទេ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Bidenបាននិយាយកាលពីថ្ងៃពុធថា លោកនឹងមិនគាំទ្រលើការវាយប្រហារណាមួយរបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះទេ ៕


