មន្រ្តីជាន់ខ្ពស់មួយរូបនិយាយនៅថ្ងៃសុក្រនេះថា ក្រុមអាជ្ញាធរ និងក្រុមអភិរក្សសត្វព្រៃ បានព្យាយាមសង្រ្គោះសត្វដំរីជាង ១០០ក្បាល សត្វជ្រូករាប់សិបក្បាល ហើយនិងសត្វជាច្រើនទៀត ក្រោយទឹកជំនន់ដ៏គំហក់វាយប្រហារខេត្តឈៀងម៉ៃ ស្ថិតនៅភាគខាងជើងប្រទេសថៃ ។
ឧបនាយករដ្ឋមន្រ្តីថៃលោក Phumtham Wechayachai បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រតិបត្តិការកំពុងធ្វើឡើង ហើយសត្វដំរី ១១៧ក្បាល ត្រូវបានជួយសង្រ្គោះ ប៉ុន្តែដំរី ៩ក្បាលផ្សេងទៀត នៅត្រូវការជំនួយ ។
ដំរីជាគឺជាសត្វជាតិរបស់ថៃ ហើយដំរីស គឺជានិមិត្តរូបនៃសំណាងល្អ ។
អ្នកស្រី Saengduan Chailert គឺជាអ្នកអភិរក្សសត្វព្រៃមួយរូប និយាយថា សត្វជ្រូក និងក្របីមួយចំនួន នៅជាប់ក្នុងភូមិដែលរងការជន់លិចទាំងស្រុង ។ អ្នកស្រីថា ពួកយើងពុំដឹងនោះទេថាតើមានសត្វដំរីប៉ុន្មានក្បាលនៅរស់ ។
ហ្វូងសត្វដំរី ត្រូវបានគេមើលឃើញរត់គេចចេញពីទឹកជំនន់ ពេលដែលពួកគេត្រូវបានគេថតបង្ហោះលើបណ្តាញព័ត៌មានសង្គម ដោយអ្នកស្រី Saengduan ដែលជាស្ថាបនិកបង្កើតឧទ្យានធម្មជាតិដំរីមានមូលដ្ឋាននៅខេត្តឈៀងម៉ៃ ។
សូមបញ្ជាក់ថា តំបន់ភាគខាងជើងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានរងការវាយប្រហារដោយសារទឹកជំនន់ធ្ងន់ធ្ងរចាប់តាំងពីខែសីហារហូតមក ដោយបានសម្លាប់មនុស្ស ៤៩នាក់ និងមនុស្សរាប់ពាន់គ្រួសារ ត្រូវបានជម្លៀសខ្លួន ៕


