នៅថ្ងៃសុករនេះ ប្រទេសលីបង់ បានទទួលការផ្គត់ផ្គង់ជំនួយវេជ្ជសាស្រ្ត Beirut ស្របពេលជម្លោះកាន់តែឡើងកម្តៅខ្លាំង ។
ជំនួយដែលផ្តល់ជូនដោយអង្គការសុខភាពពិភពលោក(WHO) និងឧត្តមស្នងការជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) បានមកដល់ទីក្រុង Beirut ប្រទេសលីបង់ រយៈពេលមួយថ្ងៃ ក្រោយអគ្គលេខាធិការ WHOលោក Tedros Adhanom Ghebreyesus និយាយថា ពួកគេមិនអាចចែកចាយជំនួយបានទេ ដោយសារតែការរឹតត្បិតការហោះហើរ ។
អ្នកតំណាង WHOនៅប្រទេសលីបង់លោក Abdinasir Abubakarនិយាយថា ជំនួយវេជ្ជសាស្រ្តបន្ថែមទៀត ត្រូវបានគេរំពឹងនឹងមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
លោក Ghebreyesus បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពេទ្យបឋមបំពេញភារកិច្ចយ៉ាងហោច ២៨នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅលីបង់ ជាកន្លែងដែលអ៊ីស្រាអែលវាយប្រហារតាមច្រកអាកាស និងបញ្ជូនទាហានឲ្យធ្វើសង្រ្គាមជាមួយក្រុមហេសបូឡា ។
លោកបន្តថា កម្មករថែទាំសុខភាពទាំងអស់ដែលត្រូវបានសម្លាប់ក្នុងរយៈពេល ១ថ្ងៃកន្លងមកនេះ គឺបំពេញភារកិច្ច ពេលដែលពួកគេជួយដល់អ្នករងរបួស ។
ក្រសួងសុខាភិបាលលីបង់ និយាយថា មនុស្សសរុបជិត ២ពាន់នាក់ ត្រូវបានសម្លាប់ រួមទាំងកុមារ ១២៧នាក់ និងមនុស្ស ៩.៣៨៤នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីអ៊ីស្រាអែលវាយប្រហារប្រទេសលីបង់ កាលពីឆ្នំាមុន ៕


