ស៊ីហ្គេម៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើការវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមដែលបានចំណាយពេលវេលាសិក្សា ក្នុងវគ្គសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡា ហើយឯកឧត្តមបានជំរុញឲ្យសិក្ខាកាមទាំងអស់ចូលរួមអភិវឌ្ឍវិស័យកីឡា ពិសេសចូលរួមយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

ការថ្លែងរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើឡើងក្នុងពិធីបិទវគ្គសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡាសម្រាប់មន្ត្រី ថ្នាក់ដឹកនាំកីឡា គ្រូអប់រំកាយ និងកីឡានៅខេត្តតាកែវរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ ។ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ក្រោយបញ្ចប់វគ្គនេះ សិក្ខាកាមត្រូវយកចំណេះដឹងថ្មីៗទៅផ្សព្វផ្សាយ និងចែករំលែកដល់មូលដ្ឋានរបស់ខ្លួនដើម្បីជំរុញការលេងកីឡា ព្រោះនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធនាការឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួម មិនមែនមានតែថ្នាក់ដឹកនាំ មន្ដ្រី គ្រូ និងកីឡាករ-កីឡាការិនីនោះទេ។ អធ្យាស្រ័យហេតុនេះ ឯកឧត្តមបានលើកទឹកចិត្តឲ្យសិក្ខាកាមគ្រប់រូបនេះ ត្រូវមានស្មារតីចូលរួមយុទ្ធនាការឆ្ពោះទៅស៊ីហ្គេមទាំងអស់គ្នា ទាំងការបំផុសសកម្មភាពលេងកីឡា និងយុទ្ធនាការសង្គមផ្សេងៗ ដើម្បីបង្ហាញពីការត្រៀមខ្លួនរួចរាល់ក្នុងការទទួលធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ដ្រ និងឈានទៅរកភាពជោគជ័យ ក៏ដូចជាលើកមុខមាត់ និងកិត្តិយសជាតិតាមរយៈការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់នេះផងដែរ។
គួរដឹងថា ក្នុងវគ្គសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡានៅខេត្តតាកែវគឺមានគ្រូឧទ្ទេស ៣រូបបានចូលរួមធ្វើបទបង្ហាញ រួមមានឯកឧត្តម វ៉ាត់ ចំរើន បានចែករំលែកលើមុខវិជ្ជាប្រវត្តិចលនាអូឡាំពិក រចនាសម្ព័ន្ធ អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌ ភាពជាអ្នកដឹកនាំ ផែនការកម្មវិធីហ្វឹកហាត់កីឡា និងផែនការធ្វើដំណើររបស់គណៈប្រតិភូ រួមទាំងលោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡាក៏បានចូលរួមចែករំលែកលើមុខវិជ្ជាសំខាន់ៗក្នុងវគ្គនេះផងដែរ៕
អត្ថបទ៖ លី ឈុនឡា