សមាជិកសភាអង់គ្លេស នឹងពិចារណាក្នុងពេលឆាប់ៗនេះថា តើត្រូវផ្តល់ជម្រើសដល់មនុស្សវ័យចំណាស់ដែលមានជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ដើម្បីបញ្ចប់ជីវិតរបស់ពួកគេ ដោយមានជំនួយផ្នែកវេជ្ជសាស្រ្ដដែរ ឬយ៉ាងណា ដែលជាចំណាត់ការសភាលើកដំបូង ក្នុងការធ្វើឲ្យស្របច្បាប់ ចំពោះការផ្ដល់ជំនួយដល់ការស្លាប់ ក្នុងរយៈពេលជិត ១ទសវត្សរ៍។
អ្នកគាំទ្រ ចំពោះការផ្ដល់ជំនួយដល់ការស្លាប់ និយាយថា មតិសាធារណៈ ជុំវិញបញ្ហាដែលរំជួលចិត្តខ្លាំង បាន និងកំពុងផ្លាស់ប្តូរ ចាប់តាំងពីសមាជិកសភា បានបោះឆ្នោតប្រឆាំងនឹងច្បាប់ស្រដៀងគ្នានេះ កាលពីឆ្នាំ២០១៥ ហើយថា មនុស្សចាស់មានជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយដែលមានសតិសម្បជញ្ញៈគ្រប់គ្រាន់ និងដែលមានរយៈពេលនៅរស់ ៦ខែ ឬតិចជាងនេះ សមនឹងទទួលបានការជ្រើសរើសថា តើពួកគាត់គួរត្រូវបញ្ចប់ជីវិតរបស់ខ្លួនដែរ ឬយ៉ាងណា។
គួរបញ្ជាក់ថា បច្ចុប្បន្ន ការអនុវត្តបែបនេះ គឺខុសច្បាប់នៅក្នុងប្រទេសអង់គ្លេស និងវេលស៍ ហើយត្រូវផ្តន្ទាទោសជាប់ពន្ធនាគារអតិបរមា ១៤ឆ្នាំ។ ចំណែកអ្នកដែលអមដំណើរសាច់ញាតិជ្រើសរើសការស្លាប់ដោយស្ម័គ្រចិត្ត នៅកន្លែងនានា ដូចជាប្រទេសស្វីស ជាកន្លែងដែលការធ្វើបែបនេះ គឺស្របច្បាប់ តាំងពីឆ្នាំ១៩៤២ អាចប្រឈមមុខនឹងការកាត់ទោស នៅប្រទេសអង់គ្លេស សម្រាប់ការផ្ដល់ជំនួយធ្វើអត្តឃាតនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសអូស្ត្រាលី កាណាដា នូវែលសេឡង់ និងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក បានផ្ដល់ភាពស្របច្បាប់ ចំពោះការផ្ដល់ជំនួយដល់ការស្លាប់ ឬវិធីបញ្ចប់ជីវិតដោយស្ម័គ្រចិត្តនេះ ក្នុងកម្រិតផ្សេងៗគ្នា។
ច្បាប់ថ្មីដែលមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយនោះ នឹងត្រូវដាក់ជូនសភា នៅថ្ងៃទី១៦ ខែតុលា ដោយសមាជិកសភារបស់គណបក្សការងារ គឺលោកស្រី Kim Leadbeater៕