នៅថ្ងៃសុក្រនេះ ប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល បានបាញ់ស្កាត់រ៉ុក្កែតបាញ់ចេញពីប្រទេសលីបង់ ពេលដែលពួកគេបន្តផ្ទុះអាវុធដាក់គ្នាជាមួយក្រុមជីវពលហេសបូឡាគាំទ្រដោយអ៊ីរ៉ង់នៅតំបន់ព្រំដែនភាគខាងជើង ។
ផ្សែងត្រូវបានគេមើលឃើញហុយពីការធ្លាក់រ៉ុក្កែតនៅជិតអគារ និងក្នុងព្រៃមិនឆ្ងាយប៉ុន្មានពីព្រំដែន ។
ក្រុមហេសបូឡា និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានវាយប្រហារលើគោលដៅយោធាអ៊ីស្រាអែលនៅជុំវិញទីក្រុងកំពង់ផែ Haifa ។
យោធាអ៊ីស្រាអែល និយាយនៅថ្ងៃសុក្រនេះថា ពួកគេបានសម្លាប់ប្រធានបណ្តាញទំនាក់ទំនងក្រុមហេសបូឡាលោក Mohammad Rashid Sakafi អំឡុងការវាយប្រហារលើទីក្រុង Beirut ។
ខណៈពេលនោះដែរ មេបញ្ជាការកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN) បាននិយាយថា ក្រុមរក្សាសន្តិភាព នៅភាគខាងត្បូងប្រទេសលីបង់ នៅតែបន្តស្នាក់នៅដដែល ទោះបីជាអ៊ីស្រាអែល បានស្នើឲ្យពួកគេភៀសខ្លួនចេញក៏ដោយ ។
មេបញ្ជាការកងរក្សាសន្តិភាព UN បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ក្រុមរក្សាសន្តិភាពបន្តខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់ពួកគេ ដើម្បីអនុវត្តអាណត្តិក្រុមប្រឹក្សាសន្តិសុខក្នុងស្ថានភាពលំបាកជាក់ស្តែង ។
បេសកកម្ម UNIFIL ត្រូវបានផ្តល់អាណត្តិដោយក្រុមប្រឹក្សាសន្តិសុខ ដើម្បីជួយកងទ័ពប្រទេសលីបង់រក្សាតំបន់គ្មានអាវុធ និងបុគ្គលិកប្រដាប់អាវុធ ៕