មន្ត្រីអង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី៤ ខែតុលា) នេះ បាននិយាយថា ភាគច្រើននៃជម្រកចំនួនជិត ៩០០កន្លែងរបស់ប្រទេសលីបង់ គឺពេញអស់ហើយ ហើយថា ប្រជាជនដែលភៀសខ្លួនចេញពីការវាយប្រហារដោយយោធាពីសំណាក់អ៊ីស្រាអែល បាន និងកំពុងដេកនៅទីហាលវាលកាន់តែច្រើនឡើងៗ នៅតាមដងផ្លូវ ឬសួនសាធារណៈ។
ទីភ្នាក់ងារជនភៀសខ្លួនរបស់ UN លោកស្រី Rula Amin បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «ភាគច្រើននៃជម្រករួម ដែលបង្កើតឡើងដោយរដ្ឋាភិបាលជិត ៩០០កន្លែង នៅប្រទេសលីបង់ គ្មានកន្លែងផ្ទុកមនុស្សបន្ថែមទៀតទេ»។
លោកស្រីបានបន្ថែមថា ពួកគេកំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរកកន្លែងបន្ថែមទៀត ហើយថា ក្នុងពេលជាមួយគ្នានេះ សណ្ឋាគារមួយចំនួន និងសូម្បីតែក្លឹបរាត្រី នៅទីក្រុងបេរូត ក៏កំពុងបើកទ្វារទទួលជនភៀសខ្លួនផងដែរ។
គួរបញ្ជាក់ថា អាជ្ញាធរលីបង់បាននិយាយថា ប្រជាជនលីបង់ជាង ១,២លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ហើយជិត ២.០០០នាក់ ត្រូវបានសម្លាប់ គិតចាប់តាំងពីការផ្ទុះឡើងនូវជម្លោះ រវាងអ៊ីស្រាអែលជាមួយក្រុមហេសបូឡារបស់លីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីឆ្នាំមុន ដោយភាគច្រើននៃការប្រយុទ្ធគ្នា កើតមានខ្លាំងក្លាក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ៕