កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងចំរុះ ខិតខំស្វែងរកកុមារ២នាក់ ដែលបានបាត់ខ្លួន ក្នុងឧបទ្ទវហេតុលិចទូកក្នុងទន្លេ ស្ថិតក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា : ទូកដែលលិចនោះមានមនុស្សជិះ៤នាក់ (រួមទាំងអ្នកបើកបរ) ចេញដំណើរពីត្រើយខាងកើត ភូមិសំរិទ្ធជ័យ ដើម្បីឆ្លងមកត្រើយខាងលិច ភូមិកំពង់ត្រឡាចក្រោម ក្នុងបំណងទៅសម្រាន្តកំដរម្តាយដែលមានជំងឺ តែជាអកុសលនៅពេលទូកឆ្លងបានជិតពាក់កណ្តាលទន្លេ ក៏មានភ្លៀង និងខ្យល់ខ្លាំង បណ្តាលឲ្យទូកក្រឡាប់លិចតែម្តង ។
ជនរងគ្រោះទាំង ៤នាក់ រួមមាន ១. ឈ្មោះ ហាប់ ម៉ូសា អាយុ ៤៦ឆ្នាំ ត្រូវជាឪពុក និងជាម្ចាស់ទូក (សង្គ្រោះបាន)
២. ឈ្មោះ ម៉ូសា អាប់ទល់ឡោះ ភេទប្រុស អាយុ ៥ឆ្នាំ ត្រូវជាកូន (សង្គ្រោះបាន)
៣. ឈ្មោះ ម៉ូសា ណូតហាយ៉ាទី ភេទស្រី អាយុ ១៤ឆ្នាំ ត្រូវជាកូន (បាត់ខ្លួន)
និង៤. ឈ្មោះ សុគ្រី យ៉ាម៉ាល់ ភេទប្រុស អាយុ ១៤ឆ្នាំ នៅសង្កាត់ច្រាំងចំរេះ២ ខ័ណឫស្សីកែវ ត្រូវជាក្មួយ (បាត់ខ្លួន)
បន្ទាប់ពីកើតហេតុ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចំរុះ ស្វែងរកជនរងគ្រោះ មិនទាន់ឃើញនៅឡើយ៕ កាំង ហុងវាស្នា