ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រ ទី៣ ខែតុលា ថា លោកមានទំនុកចិត្តថា ការបោះឆ្នោតប្រធានាធិបតីនៅពេលខាងមុខនឹងមានភាពយុត្តិធម៌ ប៉ុន្តែបានព្រមានថា បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump និងអ្នកឈរឈ្មោះរួមជាមួយលោកក្នុងតំណែងអនុប្រធានាធិបតី អាចបដិសេធមិនទទួលយកលទ្ធផល។
លោក Biden និយាយថា «ខ្ញុំមានទំនុកចិត្តថា វានឹងជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ប៉ុន្តែ ខ្ញុំមិនដឹងថាតើ វានឹងប្រកបដោយសន្តិវិធីឬយ៉ាងណានោះទេ ព្រោះតែរឿងរ៉ាវជាច្រើនដែលលោក Trump បាននិយាយ និងអ្វីដែលលោកបាននិយាយកាលពីពេលមុន នៅពេលដែលលោកមិនពេញចិត្តចំពោះលទ្ធផលនៃការបោះឆ្នោត នោះជារឿងដែលមានគ្រោះថ្នាក់ខ្លាំង។
លោក Biden និយាយថា រឿងគួឲ្យកត់សំគាល់ដែលថា បេក្ខជនអនុប្រធានាធិបតីរបស់លោក Trump គឺ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក JD Vance ពុំបានបញ្ជាក់ឲ្យច្បាស់លាស់ក្នុងអំឡុងកិច្ចពិភាក្សាដេញដោលសប្តាហ៍នេះ ថា លោកនឹងទទួលយកលទ្ធផលនៃការបោះឆ្នោត ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ចុងឆ្នាំនេះ។
លោក Trump កំពុងឈរឈ្មោះប្រកួតប្រជែងជាមួយអនុប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ គឺ លោកស្រី Kamala Harris សម្រាប់តំណែងប្រធានាធិបតី ជាការប្រកួតប្រជែងដ៏តឹងតែងដែលនឹងចុះទៅកាន់រដ្ឋមួយចំនួនដែលមានការប្រជែងខ្លាំង។