ហុកគី៖ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា រំពឹងនឹងមានការពង្រីកវិសាលភាព និងមានការចូលរួមអភិវឌ្ឍវិស័យកីឡាហុកគីកម្ពុជាកាន់តែទូលាយ បន្ទាប់ពីសហព័ន្ធបានរៀបចំវគ្គសាមគ្គីអូឡាំពិកស្ដីពីគ្រូបង្វឹកកីឡាហុកគីកម្រិត១ ដែលបានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការសិក្សារយៈពេល ១សប្ដាហ៍ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

អគ្គលេខាធិការសហព័ន្ធដដែលបានថ្លែងក្នុងពិធីបិទវគ្គថា នេះគឺជាវគ្គដ៏មានសារៈសំខាន់សម្រាប់សិក្ខាកាមចូលរួម ដ្បិតក្រោយចប់ការសិក្សាសិក្ខាកាមទាំងអស់នឹងក្លាយជាគ្រូបង្វឹកដែលទទួលស្គាល់ និងគាំទ្រដោយសហព័ន្ធ។ ដូច្នេះលោកសង្ឃឹមថា សិក្ខាកាមម្នាក់ៗនឹងយកចំណេះដឹងទៅសាបព្រួសដើម្បីចូលរួមបណ្ដុះបណ្ដាល និងអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន ពិសេសត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ គួរដឹងថា វគ្គសិក្សានេះមានសិក្ខាកាមជាគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិចូលរួមសរុបចំនួន ២៥នាក់ក្នុងនោះមាននារី ១៧នាក់បង្ហាត់បង្រៀនតាមប្រព័ន្ធ Zoom ដោយគ្រូឧទ្ទេសបរទេស ៣នាក់ជាជនជាតិប៉ាគីស្ថាន ២នាក់ និងគ្រូអេហ្ស៊ីបម្នាក់។
គណៈគ្រប់គ្រងវគ្គនេះបានវាយតម្លៃលើការសិក្សារបស់សិក្ខាកាម ដោយនិទ្ទេសល្អណាស់ ៣៥% និទ្ទេសល្អ ៤០% និងនិទ្ទេសមធ្យម ២៥%។ សូមបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាហុកគីកម្រិត១ នេះរៀបចំឡើងក្រោមការឧបត្ថម្ភគាំទ្រពីអង្គការសាមគ្គីអូឡាំពិក (OS) ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) និងគ្រូឧទ្ទេសផ្តល់ដោយសហព័ន្ធកីឡាហុកគីអន្តរជាតិ (FIH)៕
អត្ថបទ៖ លី ឈុនឡា