ក្រុមអ្នកតវ៉ារាប់ពាន់នាក់ ភាគច្រើនជាអ្នកគាំទ្រក្រុមហ៊ូទី បានមកប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី សាណា(Sanaa) ប្រទេសយេម៉ែន កាលពីថ្ងៃសុក្រ ដើម្បីគោរពដល់លោក Hassan Nasrallah ជាមេដឹកនាំក្រុមហេសបូឡានៅប្រទេសលីបង់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទីក្រុងបេរូត កាលពីសប្តាហ៍មុន។
ការប្រមូលផ្តុំគ្នា ធ្វើឡើងនៅទីលាន Assabeen ទីក្រុងសាណា បានបង្ហាញពីសាមគ្គីភាពជាមួយប្រទេសលីបង់ និងពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប។
អេក្រង់ទូរទស្សន៍ធំៗ ដែលនៅជាប់នឹងទីលាន បានបង្ហាញរូបភាពរបស់ លោក Nasrallah ខណៈហ្វូងមនុស្សបានស្រែកពាក្យស្លោក ប្តេជ្ញាសងសឹកចំពោះការធ្វើឃាតលោក Nasrallah ។
ក្រុមបាតុករ បានគ្រវីទង់ជាតិលីបង់ អមជាមួយទង់ជាតិពណ៌លឿងរបស់ក្រុមហេសបូឡា។
អ្នកសារព័ត៌មានក្រុមហ៊ូទីម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា ថ្ងៃនេះ ពួកយើងបានចេញទៅក្រៅ ដើម្បីបញ្ជាក់ជំហរមិនងាករេរបស់យើងចំពោះបុព្វហេតុប៉ាឡេស្ទីន និងស្មោះត្រង់ចំពោះ លោក Sayyid Hassan Nasrallah ចំពោះក្រុមហេសបូឡា និងចំពោះពលរដ្ឋប៉ាឡេស្ទីន និងលីបង់។