ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋបាល លោក Biden នឹងមិនបន្តកម្មវិធីចូលមកដោយមនុស្សធម៌បណ្តោះអាសន្ន សម្រាប់ជនអន្តោប្រវេសន៍រាប់សែននាក់ដោយមានអ្នកឧបត្ថម្ភនៅសហរដ្ឋអាមេរិក ដែលបានមកដល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ នេះទេ។
ជនអន្តោប្រវេសន៍ប្រហែល ៥៣០.០០០នាក់មកពីប្រទេសគុយបា ហៃទី នីការ៉ាហ្គ័រ និងវេណេស៊ុយអេឡា បានចូលទៅសហរដ្ឋអាមេរិកតាមយន្តហោះ ចាប់តាំងពីខែតុលា ឆ្នាំ២០២២ ហើយបានទទួលជំនួយរយៈពេលពីរឆ្នាំក្រោមកម្មវិធីមានលក្ខខណ្ឌកំណត់ ដែលនឹងចាប់ផ្តើមផុតកំណត់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ទោះជាយ៉ាងណា ជនអន្តោប្រវេសន៍ជាច្រើននាក់ក្នុងចំណោមនេះ អាចបន្តរស់នៅក្នុងប្រទេសនេះ ក្រោមកម្មវិធីផ្សេងទៀត។
កម្មវិធីក្រោមលក្ខខណ្ឌកំណត់ អនុញ្ញាតឱ្យជនអន្តោប្រវេសន៍ ដែលមានអ្នកឧបត្ថម្ភនៅអាមេរិកស្រាប់ ចូលទៅក្នុងប្រទេសសម្រាប់ហេតុផលមនុស្សធម៌ ឬប្រសិនបើការចូលរបស់ពួកគេ ត្រូវបានចាត់ទុកថាជាប្រយោជន៍សាធារណៈដ៏សំខាន់។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានចាប់ផ្តើមកម្មវិធីផ្តល់លក្ខខណ្ឌកំណត់ ជាមធ្យោបាយមួយដើម្បីផ្តល់មធ្យោបាយដល់ជនអន្តោប្រវេសន៍ដើម្បីចូលមកដោយស្របច្បាប់ និងកាត់បន្ថយការឆ្លងដែនខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក។
ជនអន្តោរប្រវេសន៍ជាច្រើន ត្រូវបានចាប់ខ្លួនដោយខុសច្បាប់ក្នុងអំឡុងពេលកាន់តំណែង ប្រធានាធិបតីរបស់លោក Biden ប៉ុន្តែការឆ្លងកាត់ បានថយចុះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈលោក Biden បានដាក់ចេញការរឹតបន្តឹងថ្មី នៅព្រំដែន។


