មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បាននិយាយកាលពីថ្ងៃសុក្រថា ប្រតិបត្តិការយោធានាពេលថ្មីៗនេះរបស់ប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអែល គឺពិតជាស្របច្បាប់ និងត្រឹមត្រូវទាំងស្រុង។
លោក Khamenei បានធ្វើការអត្ថាធិប្បាយ នៅក្នុងការថ្លែងសុន្ទរកថាទៅកាន់អ្នកថ្វាយបង្គំមួយចំនួនធំ នៅកន្លែងអធិស្ឋានប្រចាំសប្តាហ៍ កាលថ្ងៃសុក្រ នៅក្នុងរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ ខណៈកំពុងលើកឡើងអំពីការវាយប្រហារដោយមីស៊ីលរបស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃអង្គារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅលើគេហទំព័រការិយាល័យរបស់លោក។
លោកបានសង្កត់ធ្ងន់ថា សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ គឺជាការដាក់ទណ្ឌកម្មតិចតួចបំផុតសម្រាប់អ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹង «ឧក្រិដ្ឋកម្មដ៏គួរឲ្យភ្ញាក់ផ្អើល» ដែលប្រព្រឹត្តដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីខាងលិច។
លោក Khamenei បានអះអាងថា អ៊ីរ៉ង់ នឹងបំពេញការទទួលខុសត្រូវរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ យ៉ាងក្លាហាន និងច្បាស់លាស់ចំពោះបញ្ហានេះ ដោយបន្ថែមថា «យើងនឹងមិនស្ទាក់ស្ទើរ និងធ្វេសប្រហែស ឬប្រញាប់ប្រញាល់ ក្នុងការបំពេញកាតព្វកិច្ចនេះឡើយ»។

