អ្នកនាំពាក្យ លោក Stephane Dujarric បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការកើនឡើងចំនួនជនស៊ីវិលដែលបណ្តាលមកពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលលើប្រទេសលីបង់។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើង បន្ទាប់ពីការកើនឡើងភាពតានតឹងរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ក្នុងអំឡុងពេលដែលអ៊ីស្រាអែល បាននិងកំពុងធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ នៅក្នុងតំបន់ជាច្រើន ក្នុងប្រទេសលីបង់ ដែលនាំឲ្យមានការកើនឡើងយ៉ាងឆាប់រហ័សនៃការស្លាប់ជនស៊ីវិល។
លោក Dujarric បានថ្លែងនៅឯទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កថា៖«តំបន់លំនៅឋាន ទីក្រុងបេរូត ត្រូវរងការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាពេញមួយយប់របស់អ៊ីស្រាអែលដែលធ្វើឲ្យ បុគ្គលិកសង្គ្រោះ រងរបួស។
លោក Dujarric បានបន្ថែមថា ប្រធានអង្គការសហប្រជាជាតិ បានជំរុញឲ្យ«គ្រប់ភាគីទាំងអស់ ធ្វើអ្វីៗតាមតែអាចធ្វើទៅបាន គ្រប់ពេលវេលា ដើម្បីការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងធានាថា ជនស៊ីវិល មិនត្រូវទទួលរងគ្រោះថ្នាក់ឡើយ»។

