ក្រសួងការពារជាតិរបស់ប្រទេសនេះ បាននិយាយថា យន្តហោះដឹកជញ្ជូនយោធារបស់កូរ៉េខាងត្បូង បានជម្លៀសពលរដ្ឋ និងសមាជិកគ្រួសារចំនួន ៩៧នាក់ ចេញពីប្រទេសលីបង់ ចំពេលមានភាពតានតឹងកើនឡើង ហើយបានត្រឡប់ទៅកូរ៉េខាងត្បូងវិញ នៅរសៀលថ្ងៃសៅរ៍ (ទី ០៥ ខែតុលា)នេះ ។
ក្រសួងបានឲ្យដឹងថ យន្តហោះ KC-330 បានចុះចត នៅទីក្រុងបេរូត នៅព្រឹកថ្ងៃសុក្រ (ទី ០៤ ខែតុលា) ហើយបានចេញដំណើរ នៅពេលរសៀលជាមួយអ្នកជម្លៀសដែលរួមមានសមាជិកគ្រួសារលីបង់។
លោកប្រធានាធិបតី យូន សុក យ៉ូល (Yoon Suk Yeol) កាលពីថ្ងៃពុធ (ថ្ងៃទី ០២ ខែតុលា) បានបញ្ជាឲ្យដាក់ពង្រាយយន្តហោះយោធាភ្លាមៗ ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីផ្នែកខ្លះនៃមជ្ឈិមបូព៌ាដែលរងផលប៉ះពាល់ដោយការកើនឡើងភាពតានតឹង ក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។
ក្រសួងការបរទេស បាននិយាយទៀតថា រដ្ឋាភិបាល នឹងចាត់វិធានការបន្ថែមទៀត ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួន។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា អ្នកការទូតកូរ៉េខាងត្បូងដែលឈរជើងនៅក្នុងប្រទេសលីបង់ នៅតែស្ថិតក្នុងប្រទេសនេះ។

